(បាងកក)៖ នាថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានសហប្រតិបត្តិកាវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដឹកនាំសហគ្រិនផ្នែកផលិតផលសូត្រ ពីររូបគឺអ្នកស្រី តិច ស៊ីមហៀង និងលោកផេង សុផល ទៅចូលរួមសិក្ខាសាលាក្រោមប្រធាន បទស្ដីពី «សហគ្រិនវប្បធម៌បៃតងអាស៊ាន(ASEAN Green Cultural Entrepreneur)» នៅទីក្រុងបាងកក ខេត្ត ឈុនបុរី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
មន្ត្រីក្រសួងវប្បធម៌ បានឲ្យដឹងថា គម្រោងនេះមានគោលបំណងជំរុញការយល់ដឹងឆ្ពោះទៅរកផលិតផលវប្បធម៌បៃតងក៏ដូចជាដើម្បីបំពេញតាមការរំពឹងទុកនៃរបៀបវារៈសកលក្នុងការបន្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។ គម្រោងនេះនឹងប្រមូលផ្តុំសហគ្រិនដែលផលិត និងចែកចាយផលិតផល និងសេវាកម្មវប្បធម៌បៃតង ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រីកសហគមន៍មូលដ្ឋាននៃរដ្ឋសមាជិកអាស៊ាន។ លើសពីនេះ គម្រោងនេះនឹងអនុញ្ញាតឱ្យសហគ្រិនដែលចូលរួម បានចែករំលែកចំណេះដឹងនិងការអនុវត្តដ៏ល្អបំផុត(best practice)របស់ពួកគេលើគំរូអាជីវកម្មរវាងគ្នាទៅវិញទៅមក បង្កើតបណ្តាញវប្បធម៌បៃតងអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងកាត់បន្ថយបញ្ហាប្រឈមដែលមិនអាចដឹងជាមុននាពេលអនាគត។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីបណ្តាសហគ្រិននៃប្រទេសសមាជិកអាស៊ានដូចជា៖កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ គម្រោងនេះមានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ការតាំងពិព័រណ៌ផលិតផលវប្បធម៌ និងការចុះទៅធ្វើទស្សនកិច្ចសិក្សាដើម្បី បានសង្កេតនិងបានធ្វើលំហាត់អនុវត្តផ្ទាល់ជាមួយសិប្បករ/សហគ្រិនជោគជ័យលេចធ្លោមួយចំនួនដែលប្រើប្រាស់ទុនវប្បធម៌ដើម្បីបង្កើតផលិតផលនិងសេវាកម្មវប្បធម៌បៃតង។
សិក្ខាសាលានេះមានចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖
*បានចែករំលែកបទពិសោធន៍ និងលក្ខណៈពិសេសនៃភាពជាសហគ្រិនវប្បធម៌។
*ប្រមូលផ្តុំអ្នកសេដ្ឋកិច្ចវប្បធម៌ដែលបង្កើតនិងលក់ផលិតផលនិង/ឬសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជះឥទ្ធិពលដល់ការលូតលាស់នៃសហគមន៍មូលដ្ឋានក្នុងរដ្ឋសមាជិកអាស៊ានដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តដ៏ល្អបំផុតលើគំរូអាជីវកម្មជោគជ័យរបស់ពួកគេ។
*គម្រោងនេះនឹងក្លាយជាវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងរវាងសហគ្រិនវប្បធម៌ក្នុងតំបន់ ។
*បង្កើនបណ្តាញរវាងសហគ្រិនដែលចូលរួមទាក់ទងនឹងការរួមចំណែក និងការសហការរបស់ពួកគេសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគតរបស់តំបន់៕