(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកស្រី អ៉ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បើយោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅមន្ត្រីជំនាញបានគ្រប់គ្រងអ្នកញៀនគ្រឿងញៀនចំនួន ២២,២១៣នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរួមមាន៖
*បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ករណី ស្មើនឹង ១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង ១.៣០%
*ឃាត់ខ្លួនជនសង្ស័យសរុប ១៥,០០២នាក់/សី ៩៥២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤.៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់ (សី ៤៣នាក់) ស្មើនឹង១០ជនជាតិ
*គឿងញៀនសរុប ចាប់យកបានចំនួន ១៤ តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (០៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួនច្រើនជាង១០តោន ២២៩គីឡូក្រាម និង ៨៥៥.៦០ ក្រាម កើនឡើងប្រមាណ៣ដង
*កញ្ញាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ជះក្រៀម បានចំនួន ៦០គីឡូក្រាម ៣៧៤.៧៣ក្រាម
*សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង ៥៩៤.១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង ៤៩៤.១៨% ប្រមាណជា ៥ដង។ គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១កន្លងទៅ (ចំនួន ៨៤តោន ៩២០ គីឡូក្រាម)មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕