(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយ ដោយលើកឡើងប្រាប់ដល់ប្រជាជពលរដ្ឋថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានតស៊ូលះបង់ និងនៅខាំស្មៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាពលរដ្ឋនោះទេ មិនដូចអ្នកក្រៅស្រុកខ្លះ ស្រែកឲ្យប្រជាពលរដ្ឋដើរចូលចំការមីន តែគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺដោះមីនរួចរាល់ ទើបឲ្យប្រជាពលរដ្ឋចូល ដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងដំណាក់កាលដែលលំបាកទាំងអស់ លោកតា លោកយាយជឿចុះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលអត់រត់ចោលប្រជាពលរដ្ឋទេ ហើយដើរមុនរហូត អ្នកខ្លះពូកែណាស់ ស្រែកពីក្រៅប្រទេស ឲ្យប្រជាជនដើរចូលចំការមីន តែគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល សម្តេចតេជោ គឺដើរដោះមីនមុន បានឲ្យប្រជាពលរដ្ឋចូល ដោះមីនហើយដើរចូលខ្លួនឯងទៀត ដើម្បីឲ្យប្រជាពលរដ្ឋដឹងថាដើរទៅ សុវត្ថិភាព បានឲ្យប្រជាពលរដ្ឋទៅ»។
លោកបណ្ឌិតបានថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ក្នុងការរំដោះប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបញ្ចប់សង្គ្រាមនៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ដោយការហ៊ានចូលតំបន់ខ្មែរក្រហម អន្លង់វែង ទោះបីសមាជិកគ្រួសារមិនគាំទ្រក្តី ក៏សម្តេចតេជោ ហ៊ានយកជីវិតខ្លួនឯងធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «អ្នកនយោបាយបក្សខ្លះ គាត់អួតមេរបស់គាត់ គាត់ថាមេរបស់គាត់កាលមុនមកស្រុកខ្មែរ គាត់ធ្វើការនៅស្រុកបារាំង មានលុយច្រើន សុខចិត្តបោះបង់ លុយកាក់មុខរបរនៅស្រុកបារាំង រាប់ម៉ឺនរាប់សែនអឺរ៉ូ ដើម្បីមកធ្វើការនៅស្រុកខ្មែរ [លោក សម រង្ស៊ី ] តើគាត់មក ដឹងមកធ្វើអីទេ? គាត់មកដំបូងគេ ទាល់តែបានធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រពន្ធគាត់ធ្វើធនាគារជាតិ បានមក អីចឹងដដែល។ តែខ្ញុំប្រាប់គាត់វិញថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានឱកាសទៅធ្វើការនៅទីនោះទេ [បារាំង] ព្រោះកាលពីមុនអ្នកស្ទឹងត្រង់ សម្តេចតេជោ ត្រូវសម្រេចចិត្តចោលយាយខ្ញុំ ដើម្បីបានរៀនបន្តស្នាក់នៅវត្តនាគវ័ន កូនអ្នកក្រទេ ពេលផ្ទុះសង្គ្រាមសុខចិត្តយកជីវិតធ្វើដើមទុន អត់មានលុយបោះបង់ទេ មានតែយកជីវិតទៅបោះបង់ គេបោះបង់លុយរាប់ម៉ឺនរាប់សែនអឺរ៉ូ គេមកយកតួនាទីធ្វើជារដ្ឋមន្ត្រី ចុះពីយន្តហោះឆ្នាំ៩០ជាង គេថា គេលះបង់ធំ ណែ ! ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនត្រឹមតែសម្តេចតេជោទេ ថ្នាក់ដឹកនាំផ្សេងទៀត សុទ្ធតែចេញពីត្រកូលកសិករ យកជីវិតធ្វើដើមទុនរំដោះប្រទេសជាតិ អីចឹងការនៅជាមួយប្រជាពលរដ្ឋ តាំងពីពេលលំបាកមក មានការអ្វីក៏គណបក្សប្រជាជនកម្ពុជា ជាពិសេសម្តេចតេជោ មិនរត់ចោលប្រជាពលរដ្ឋដែរ ព្រោះធ្លាប់លំបាកជាមួយគ្នា អត់មានប៉ាស្ព័រពីរទេ អត់មានសញ្ជាតិពីរទេ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកថាកាលលោក និងបងប្អូនលោក ពេលចេញទៅសិក្សានៅបរទេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហាមដាក់ខាតបើហ៊ានតែយកសញ្ជាតិបរទេស នឹងមិនឲ្យចូលប្រទេសកម្ពុជាវិញឡើយ។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងការគាំទ្រជានិច្ចកាល ដល់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក៕