(វៀងច័ន្ទ, ឡាវ)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រីកសកម្មភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែខ្លាំងក្លាថែមទៀត។
នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ សម្តេចតេជោ បានថ្លែងអណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចរាក់ទាក់កក់ក្តៅ ដែលរដ្ឋាភិបាល និងប្រជាជនឡាវ បានផ្តល់ចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចនៅពេលនេះ គឺជាសាក្ខីភាពបង្ហាញពីទំនាក់ទំនងជាប្រពៃណីជាភាតរៈ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ និងសុខុមាលភាព នៃប្រជាជនទាំងពីរ។
សម្តេចតេជោ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ក្រោយពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ដែលរហូតមកដល់ពេលនេះ មានអាយុកាលប្រមាណ ៦៧ឆ្នាំហើយ ហើយដែលបានក្លាយជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅឆ្នាំ២០១៩។
លោក សនសៃ និងសម្តេចតេជោ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀត នូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។
មេដឹកនាំទាំងពីរ ក៏បានកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិកនៅឆ្នាំ២០២២។
សម្តេចតេជោ បានជំរាបលោក សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។
សម្តេចតេជោ បានស្នើឱ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ ដែលជាវិស័យមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ចប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចតេជោ និងលោក សនសៃ បានឯកភាពគ្នាជំរុញឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយស្នាៃដ ស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។
មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី «ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រមឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតប្រទេសទាំងពីរ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិវិញ មេដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឱ្យមានប្រសិទ្ធភាព តាមរយៈការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឱ្យទាន់ពេលវេលា។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល មេដឹកនាំប្រទេសទាំងពីរ បានឯកភាពជំរុញឱ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និងឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេច និងជំនួបពិភាក្សាជាមួយមេដឹកនាំឡាវនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិទាំងពីរ ដោយហេតុថាសម្តេច និង សនសៃ ស៊ីផាន់ដន បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោ និងងលោក សនសៃ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
មេដឹកនាំទាំងពីរ បានឯកភាពថា នឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤។
សូមបញ្ជាក់ថា នៅក្រោយជំនួបពិភាក្សាការងារទ្វេភាគីនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧។
បន្ថែមពីលើនោះនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ៕