(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា ហៅកាត់ថា NLC បានចេញសេចក្តីថ្លែងការណ៍ គាំទ្រពេញទំហឹងចំពោះការចូលជាធរមាន នៃច្បាប់ស្តីពីសហជីព។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឲ្យដឹងថា ការគាំទ្រនេះ គឺដោយសារតែ សហភាពពលកម្មជាតិកម្ពុជា កត់សំគាល់ឃើញថា ច្បាប់សហជីព នឹងធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូហភាពរវាង សហជីពកម្មករ និយោជិតនិងនិយោជក ព្រមទាំងជំរុញឲ្យមានសុខដុមរមា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
សេចក្តីថ្លែងការណ៍បានបន្តថា «ជាលទ្ធផលបានបង្ហាញឲ្យឃើញថា ច្បាប់ស្តីពីសហជីព បានរួមចំណែក ក្នុងការអភិវឌ្ឍន៍ការងារសមរម្យ សំដៅបង្កើនផលិតភាព និងការវិនិយោគ ដើម្បីបង្កើនការងារថ្មី បន្ថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកចូលរួម ដល់ការអភិវឌ្ឍន៍ជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើ ក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់ អំពីសុខមាលភាព លើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតនិងអាចជំរុញឲ្យអ្នក វិនិយោគ កើនឡើងមួយកំរិតទៀតនៅពេលចាប់ផ្តើម អនុវត្តច្បាប់ស្តីពីសហជីពថ្មីនេះ៕