(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានស្នើដល់អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ កុំនិយាយថា រដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែ VOD ទេដែលវាយប្រហារលើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃ ហើយមិនព្រមកែតម្រូវ។
ការចេញអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មាន និងសង្គមស៊ីវិលមួយចំនួន បាទរិះគន់ចំពោះការបិទសារព័ត៌មានវីអូឌី និងទទូចឲ្យរាជរដ្ឋាភិបាលអនុញ្ញាតឱ្យសារព័ត៌មាននេះបើកដំណើរការឡើងវិញ។
តាមរយៈបណ្ដាញសង្គម លោក ប៉ែន បូណា បានលើកឡើងដូច្នេះថា៖ «សូមអ្នកសារព័ត៌មានសរសេរឲ្យបានច្បាស់ កុំបង្កើតភាពមន្ទិលក្នុងសំណេររបស់ខ្លួនឲ្យមហាជនយល់ច្រឡំក្នុងចេតនាណាមួយឲ្យសោះ។
ស្នូលនៃសាច់រឿងនេះគឺ៖ VOD បានផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។ ប៉ុន្តែ ពេលតួអង្គសំខាន់ដែលរងគ្រោះដោយសារព័ត៌មានមិនពិតរបស់ខ្លួន (ឯកឧត្តម ហ៊ុន ម៉ាណែត) ចេញមកប្រតិកម្មហើយសុំឲ្យកែតម្រូវ និងសុំទោស ឬបង្ហាញភស្តុតាងបើខ្លួនមាន, VOD មិនធ្វើអ្វីទាំងអស់។
ប្រតិកម្មរបស់ភាគីរងគ្រោះដោយសារព័ត៌មានមិនពិតមានដល់ទៅពីរលើក ( គឺឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន) ដោយមានទាំងភស្តុតាងមកបង្ហាញយ៉ាងច្បាស់លាស់ និងទុកពេលវេលាយ៉ាងគ្រប់គ្រាន់។ ប៉ុន្តែ VOD នៅតែមិនបានយកព័ត៌មានទាំងនោះមកផ្សាយឡើយ ដោយទុកឲ្យព័ត៌មានមិនពិតរបស់ខ្លួនអូសបន្លាយជាច្រើនថ្ងៃ។ នេះជាកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ»។
លោកបានបន្តថា «ក្នុងន័យនេះ សូមកុំនិយាយថា រដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែគឺសារព័ត៌មាន (VOD) ទេដែលវាយប្រហារលើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃហើយមិនកែព្រមកែតម្រូវ និងមិនព្រមសុំទោស។
អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឲ្យឃើញមុនសរសេរសាច់រឿង គឺមិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ»៕