(សៀមរាប)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំការងារឆ្នាំ២០២៣ មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ ក្នុងខេត្តសៀមរាប ដែលដឹកនាំកិច្ចប្រជុំដោយលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងមានការចូលរួមមន្ត្រីប្រចាំការអនុសាខាចំនួន ២៣នាក់ផងដែរ។
កិច្ចប្រជុំនេះដែរ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការងារមនុស្សធម៌នៅក្នុងសហគមន៍ ការជ្រើសរើសក្រុមកាកបាទក្រហមកម្ពុជា ឃុំសង្កាត់ និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមភូមិក្នុងឆ្នាំ២០២៣នេះ។
លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានរំឮកឡើងវិញដល់មន្ត្រីប្រចាំការអនុសាខាថា អ្នកស្ម័គ្រចិត្តការងារមនុស្សធម៌បានកើតឡើងតាំងពី១៦៤ឆ្នាំមុនមកម៉្លេះ គឺនៅក្នុងព្រឹត្តិការណ៍សង្គ្រាមនៅតំបន់សុលហ្វេរីណូ ភាគខាងជើងប្រទេសអ៉ីតាលី នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៥៩។ ចាប់តាំងពីពេលនោះមក កាកបាទក្រហមតាមបណ្ដាប្រទេសនីមួយៗបានចាត់ទុកថា អ្នកស្ម័គ្រចិតជាកម្លាំចលករមិនអាចខ្លះបាន រហូតបង្កើតបានជាពាក្យស្លោកថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សមាគមជាតិ។
ជាមួយនេះដែរ លោកនាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ អនុសាខាក្រុង-ស្រុក នឹងមានមូលដ្ឋានកាន់តែងច្បាស់ក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅក្នុងមូលដ្ឋាន ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕