(សៀមរាប)៖ លោក ជា អូន រដ្ឋលេខាធិការដា្ឋនប្រចាំការអាកាសចរណ៍ស៊ីវិល បានជំរុញឲ្យ ក្រុមហ៊ុន Yuunan Airinvestment (Cambodia) Airport Management Co.,Ltd (YACA) ដែលកំពុង ប្រតិបត្តិការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យរួចរាល់តាមផែនការដែលគ្រោងទុក។

ថ្លែងក្នុងដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជា អូន បានជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋាន Angkor International Airport Investment ត្រូវពន្លឿនដំណើរការសាងសង់ទៅតាមផែនការគ្រោងទុក ក្នុងនោះ​ក្រុមហ៊ុនដំណើរការ​អាកាសយានដ្ឋាន YACA និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំ និងបំពេញរាល់កិច្ចការងារ ត្រៀមដែលចាំបាច់មុនពេលដាក់ឱ្យដំណើរការ។ កការងារនេះ ត្រូវឈរលើគោលបំណងរួមមួយ គឺសម្រេចឱ្យបាននូវគោលដៅ​ដាក់ឱ្យដំណើរការ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យទាល់តែបានក្នុងឆ្នាំ២០២៣នេះ។

តំណាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្តី្រទទួលបន្ទុករដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិល លោក ជា អូន បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធី ដំណើរទស្សនកិច្ចសិក្សាស្វែងយល់លក្ខណៈបច្ចេកទេសនៃការសាងសង់អាកាសយានដ្ឋាន នៅពេលនេះ។ មន្រ្តីរូបនេះលើកឡើងថា ដោយស្ថានភាពពិភពលោកបច្ចុប្បន្ន ដែលឧស្សាហកម្ម​អាកាសចរណ៍ក៏កំពុងប្រឈមនឹងការងើបឡើងវិញមិនស្មើគ្នាពីជំងឺរាតត្បាតកូវីដ-១៩ នៅឡើយ ឧស្សាហកម្មនេះក៏កំពុងបន្តងើបឡើងវិញ និងមានការបន្តកើនឡើងជាសញ្ញាវិជ្ជមានជារួម នៅក្នុងឆមាសទី់ពីរនៃឆ្នាំ២០២២។

ក្នុងនោះដែរ ប្រទេសជាច្រើនទៀតបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ ដោយបើកប្រទេសខ្លួនឡើងវិញ រួមទាំងប្រទេសមួយចំនួនធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងជំរុញឱ្យមានការងើបឡើងវិញ នៃឧស្សាហកម្មនេះ ដោយរំពឹងថា នឹងឈានដល់កម្រិត​ឆ្នាំ២០១៩ ក្នុ​ងឆ្នាំ២០២៣-២០២៤ ខាងមុខនេះ។

ថ្លែងទៅកាន់អ្នកចូលរួមដែលជាថ្នាក់គ្រប់គ្រងអាកាសយានដ្ឋាន ថ្នាក់ដឹកនាំតាមក្រុមហ៊ុន អាកាសចរណ៍មួយចំនួនធំ និងក្រុមហ៊ុនឯកជនជាច្រើននាក់ លោក ជា អូន បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន​ សែន បានប្រែក្លាយបញ្ហាក្នុងវិបត្តិជំងឺកូវីដ១៩​នេះ ឱ្យទៅជាឱកាសសម្រាប់ការកែទម្រង់វិស័យទេសចរណ៍ និងដឹកជញ្ជូនតាមផ្លូវអាកាស​បានល្អប្រសើរឡើងវិញ ដែលបង្ហាញយ៉ាងច្បាស់នូវស្ថេរភាពនយោបាយនៅកម្ពុជា មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្ដេច ជាពិសេសបានដាក់ចេញនូវកញ្ចប់គោលនយោបាយ និងវិធានការអន្តរាគមន៍ ក្នុងផ្នែកសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុ ប្រកបដោយភាពបុរេសកម្ម និងប្រាកដនិយម ដើម្បីគ្រប់គ្រងសកម្មភាព​នៃវិបត្តិជំងឺកូវីដ-១៩ និងរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឡើងវិញ។

លោក ZOU Yuhui ប្រធានក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ YACA
ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គិតមកដល់ត្រឹមថ្ងៃនេះ  សម្រេចបានជាង ៧៥% នៃការងារសរុប ដោយបានចំណាយទឹកប្រាក់ សរុប​សម្រាប់​ការសាងសង់ អស់ចំនួន៦២០លានដុល្លា (គម្រោងវិនិយោគសរុបកើនពី៨៨០លានដុល្លារ ក្នុងឆ្នាំ២០១៩ រហូតដល់១១០០លានដុល្លារ ក្នុងឆ្នាំ២០២២)។

ជាមួយនឹងការប្ដេជ្ញាចិត្តមោះមុត និងច្បាស់លាស់ ក្រុមហ៊ុននេះ ក៏បានដាក់ចេញនូវផែនការ​សម្រាប់ឆ្នាំ២០២៣ គឺត្រូវសម្រេចការងារសាងសង់នេះឱ្យបានរួចរាល់ និងចប់សព្វគ្រប់ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ហើយប្រសិនបើមិនមានអ្វីប្រែប្រួល នោះទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) គ្រោងនឹងបើក និងចាប់ផ្ដើម ដំណើរការនៅខែតុលា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលហេដ្ឋារចនសម្ព័ន្ធដ៏ថ្មីស្រឡាងមួយ ដែលអាចនឹងជួយពន្លឿនចក្ខុវិស័យ និងទស្សនទាន ក្នុងការពង្រឹង និងពង្រីក សេវាកម្មដឹកជញ្ជូន​អ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ហើយនឹងបង្កផ្ដល់នូវលក្ខណៈងាយស្រួល ដល់ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ តាមរយៈការព្យាយាមធ្វើឱ្យមានការតភ្ជាប់ ការហោះហើរក្នុងតំបន់ និងធ្វើការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារផ្សេងៗ ដូចជាចិន និងគ្រប់តំបន់​នៅលើ​សាកលលោក មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ៕