(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានសម្រេចនៅថ្ងៃចន្ទទី១៣ កុម្ភៈនេះ ដកអាជ្ញាប័ណ្ណពីអង្គភាពព័ត៌មានវីអូឌី (VOD) បន្ទាប់ពីសារព័ត៌មានមួយនេះ មិនព្រមសុំទោសចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួន។ ការដកអាជ្ញាប័ណ្ណពី VOD ពិតជាបានទទួលនូវការសាទរ និងការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសាធារណជនគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ដោយហេតុថាស្ថាប័នសារព័ត៌មានមួយនេះតែងតែបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ហើយមិនព្រមកែតម្រូវ និងជាពិសេស នៅក្នុងករណីចុងក្រោយនេះមិនព្រមសុំទោសតាមការទាមទាររបស់លោក ហ៊ុន ម៉ាណែត និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាជនរងគ្រោះដោយសារព័ត៌មានមិនពិតផ្សាយដោយ វីអូឌី។

ឥឡូវនេះយើងងាកមកមើលសាច់រឿងវិញម្តង៖

១៖ VOD បានផ្សាយព័ត៌មានមិនពិតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅខណៈដែលសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ព្រមទាំងមេដឹកនាំជាច្រើនរូបទៀតកំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពីព័ត៌មានមិនពិតនេះត្រូវបានផ្សព្វផ្សាយ លោក ហ៊ុន ម៉ាណែត ក៏បានចេញមកបដិសេធ ហើយ «ទាមទារឲ្យវីអូឌីបង្ហាញឯកសារភស្តុតាង និងសុំឲ្យកែតម្រូវ និងសុំទោសចំពោះកំហុសរបស់ខ្លួន»។ លោក ហ៊ុន ម៉ាណែត បានអះអាងតាមហ្វេសប៊ុកយ៉ាងច្បាស់ថា លោកគ្មានសិទ្ធិចុះហត្ថលេខាលើឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី វីអូឌី មិនបានអើពើក្នុងការកែតម្រូវព័ត៌មានរបស់ខ្លួនទេ។

២៖ ក្រោយមកទៀត នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញមកប្រតិកម្មដោយថែមទាំងបានបង្ហាញសារឆ្លើយឆ្លងគ្នាផ្ទៃក្នុងពាក់ព័ន្ធនឹងថវិកាដែលត្រូវផ្តល់ជូនប្រទេសតួកគី ដោយគ្មានពាក់ព័ន្ធជាមួយលោក ហ៊ុន ម៉ាណែត ទាល់តែសោះ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានទុកពេល ៧២ម៉ោងឲ្យសារព័ត៌មានវីអូឌី សុំទោស។ ប៉ុន្តែសារព័ត៌មាននេះនៅតែមិនព្រមកែតម្រូវឬសុំទោសអ្វីទាំងអស់។

៣៖ ដំណាក់កាលបន្ទាប់មកទៀត ក្រសួងព័ត៌មានក៏បានកោះអញ្ជើញតំណាងសារព័ត៌មានវីអូឌី មកពន្យល់ដោយក្រសួងបានទទូចឲ្យធ្វើការកែតម្រូវ និងសុំទោសនាយករដ្ឋមន្ត្រីនិងលោក ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដើម្បីបញ្ចប់បញ្ហា។ ប៉ុន្តែទីបំផុត នៅក្នុងលិខិតផ្ញើទៅកាន់សម្តេចនាយករដ្ឋមន្ត្រី «វីអូឌីមិនបានសុំទោសដដែល»

តាមពិត វីអូឌី មិនមែនមិនដឹងទេថា ផលប៉ះពាល់ដែលកើតចេញពីព័ត៌មានមិនពិតរបស់ខ្លួន មានទំហំធំធេងណាស់សម្រាប់រដ្ឋាភិបាល ប៉ុន្តែស្ថាប័នសារព័ត៌មានមួយនេះពិតជាមានចេតនាទុកព័ត៌មាននេះ ឲ្យនៅដដែលដោយគ្មានការកែតម្រូវ។ «តើ វីអូឌី មានចេតនាអ្វីក្នុងការធ្វើបែបនេះ?»​ ប្រសិនបើយើងពិនិត្យមើលអំពីពេលវេលា ពីពេលចេញផ្សាយរហូតដល់ពេលដែល លោក ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្មនិងសុំឲ្យកែតម្រូវ និងរហូតដល់នាយករដ្ឋមន្ត្រីបញ្ចេញប្រតិកម្មហើយ ទុកឱសានវាទ ៧២ម៉ោង គឺលើសពីគ្រប់គ្រាន់ទៅទៀតក្នុងការកែតម្រូវ និងសុំទោស ប្រសិនបើស្ថាប័នវីអូឌី ពិតជាមានចេតនានិងឆន្ទៈចង់កែតម្រូវមែន។

សូមកត់សម្គាល់ថា សម័យនេះ គឺជាសម័យបច្ចេកវិទ្យាទំនើប ហើយវីអូឌី គឺជាសារព័ត៌មានអនឡាញទៅទៀត ដែលផ្សាយព័ត៌មានបានលឿនរហ័ស ហើយការកែតម្រូវព័ត៌មានដែលកំណត់ដោយច្បាប់ ក៏ពិតជាអាចធ្វើបានយ៉ាងឆាប់រហ័សបំផុត។ សូម្បីតែកាសែតបោះពុម្ពក៏អាចកែតម្រូវព័ត៌មាននៅថ្ងៃបន្ទាប់បានដែរ។ ចុះ វីអូឌីដែលជាសារព័ត៌មានផ្សាយតាមអនឡាញសោះ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក៏អាចធ្វើបានហើយ? ចំណុចនេះនរណាៗក៏អាចយល់បានដែរអំពីចេតនារបស់វីអូឌី។

បើយើងនិយាយអំពីផលប៉ះពាល់ដែលកើតចេញពីការផ្សាយព័ត៌មានមិនពិតរបស់ វីអូឌី គឺពិតជាមានទំហំធំធេង ព្រោះនេះ «ជាល្បិចចិញ្ជឹមទំនាស់ហើយប្រើប្រាស់ការអូសបន្លាយពេលវេលាដើម្បីទុកអោយច្រែះស៊ីដែក»។ គ្មានអ្វីគួរអោយសង្ស័យឡើយចំពោះព័ត៌មានប្រឌិតក្លែងក្លាយនេះដែលមានគោលដៅនិងចេតនាទុច្ចរិតធ្វើឲ្យខូចកិត្តិយសរបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេនដ៏មានសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមប្រឆាំងជ្រុលនិយមដែលទទួលបានថវិកា និងការគាំទ្រពីចៅហ្វាយបរទេសក៍បាននាំគ្នាបើកយុទ្ធនាការវាយប្រហារតាមគ្រប់រូបភាពទៅលើលោក ហ៊ុន ម៉ាណែត ពីព្រោះពួកគេបានមើលឃើញនូវប្រជាប្រិយភាពដ៏ខ្ពស់របស់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច។

ពួកប្រឆាំងជ្រុលនិយម ដែលគ្មានបេក្ខជនថ្មីវ័យក្មេងពោរពេញដោយសក្តានុពល មកប្រកួតជាមួយលោក ហ៊ុន ម៉ាណែត បែរជាខិតខំជាន់ពន្លិចបេក្ខជនដ៏មានប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចឥតឈប់ឈរ។ ការផ្សាយព័ត៌មានក្លែងក្លាយគឺជាមធ្យោបាយដ៏សំខាន់មួយដែលពួកគេប្រើ។ ជាក់ស្តែងព័ត៌មានមិនពិតស្តីពីការចុះហត្ថលេខាលើឯកសារផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីគឺជាសេណារីយោមួយដើម្បីបង្ខូចកិត្តិនាម លោក ហ៊ុន ម៉ាណែត។

លើសពីនេះ ព័ត៌មានមិនពិតមួយនេះបានធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលទាំងមូល ពីព្រោះវាពិតជាបានធ្វើឲ្យមហាជនទូទៅយល់ច្រឡំថា រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើការដោយគ្មានសណ្តាប់ធ្នាប់ និងបំពានលើឋានានុក្រមដែលមានជាធរមាន រីឯការចាយវាយថវិកាទៀតសោត ក៏គ្មានតម្លាភាពពីព្រោះអ្នកណាក៏ចេះតែចុះហត្ថលេខាបានដែរ។

នេះហើយជាចេតនាបំផ្លាញរាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំង នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។ ប្រឈមមុខចំពោះស្ថានភាពបែបនេះ ពិតណាស់ថា រដ្ឋាភិបាលកម្ពុជាក៏មានសិទ្ធិការពារខ្លួន ចេញពីការប៉ុនប៉ងវាយប្រហារដោយ គ្មានមូលដ្ឋានទាំងនេះតាមរយៈចំណាត់ការផ្សេងៗ ស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋដើម្បីលុបបំបាត់ភាពអនាធិបតេយ្យនៅក្នុងសង្គម។

នេះជាហេតុផលដ៍ឡូហ្សីកដែលការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌី ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពីព្រោះនៅក្នុងប្រទេសកម្ពុជា មានបណ្តាញសារព័ត៌មានច្រើនណាស់ ដែលបាននិងកំពុងផ្តល់ព័ត៌មានពិតពីកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ 

ប្រជាពលរដ្ឋទទួលបានព័ត៌មានយ៉ាងសម្បូរបែបតាមរយៈបណ្តាញព័ត៌មាន ដែលបាននិងកំពុងរីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង។

ការបិទសារព័ត៌មានបំពុលសង្គមមួយចំនួនចោល គឺពិតជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរទូទៅ ពីព្រោះវាជាចំណែកមួយធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានសុខុមរមនាចៀសផុតពីភាពអនាធិបតេយ្យ ក៍ដូចជាអរីយភាពនិងការបែកបាក់ជាតិ៕

ដោយ៖ បញ្ញវន្តខ្មែរ