(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូ ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកថវិកា ១០ម៉ឺនដុល្លារ ប្រគល់ជូនឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា លោកស្រី អ៊ូឃូ ខូចាអេសហ្វេ (Ülkü Kocaefe) ដែលប្រព្រឹត្ដទៅនៅស្ថានទូតតួកគី នៅផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារ
«ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ បានវាយប្រហារនៅភាគខាងត្បូងនៃប្រទេសទួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣»

សាររំលែកទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកជំទាវ ឯកអគ្គរដ្ឋទូត នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះកំពុងស្រែករកជំនួយ និងឧបត្ថម្ភ ទាំងខាងវិញ្ញាណ និងបច្ចេកទេស ក្នុង កាលៈទេសៈលំបាកបែបនេះ។ ក្នុងស្មារតីនៃសាមគ្គីភាព និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅជាមួយប្រជាជនតួកគី រដ្ឋាភិបាល និងសមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី ខ្ញុំសូមបរិច្ចាគមួយរយពាន់ (100,000.00) ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈស្ថានទូត នៃសាធារណរដ្ឋ តួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំនឹងចូលរួមជាមួយលោកជំទាវ ក្នុងការអំពាវនាវសុំជំនួយបន្ថែមទៀត និងអធិស្ឋានសម្រាប់ការ សង្គ្រោះ និងការស្ដារឡើងវិញយ៉ាងឆាប់រហ័សនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងសុខុមាលភាពរបស់ប្រជាជន តួកគី។ សូមលោកជំទាវ ឯកអគ្គរដ្ឋទូត អ៊ូឃូ ខូចាអេសហ្វេ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់និងការអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ»

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក៏បានផ្ដល់ជំនួយចំនួន១០ម៉ឺនដុល្លារផងដែរ ដល់ប្រទេសតួកគី។

សូមជម្រាបថា ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាល បានកើនឡើងដល់ជាង ៣៣,០០០នាក់៕