(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ បានរៀបចំពិធីប្រកាសតែងតាំងប្រធានអាណត្តិថ្មី សម្រាប់ឆ្នាំ២០២៣-២០២៥ គឺលោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប បន្តពី ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានចប់អាណត្តិ ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានជាង ១០០សាលា និងមានបុគ្គលិកពីគ្រប់សាលាប្រមាណជាង ២០០០នាក់ អញ្ជើញចូលរួម។
ក្នុងឱកាសនោះ ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ មានទស្សនវិស័យចង់ឱ្យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាមានចំណេះជំនាញ និងភាពជាអ្នកដឹកនាំ សម្រាប់អភិវឌ្ឍប្រទេសជាតិ។
សហព័ន្ធសេវាអប់រំនៅកម្ពុជាមានបេសកកម្មក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពសម្រាប់អនាគតរបស់ប្រទេសក្នុងវិស័យអប់រំទូទៅ បង្កើតប្រព័ន្ធគាំទ្រសម្រាប់អាជីវកម្មក្នុងវិស័យអប់រំ ផ្តល់នូវការយល់ដឹងអំពីការស្រាវជ្រាវ ការអភិវឌ្ឍ ការសហការគ្នារវាងរដ្ឋាភិបាល វិស័យឯកជន និងការសិក្សាស្តីពីជំនាញដែលប្រទេសជាតិត្រូវការនាពេលអនាគត ព្រមទាំងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្រៀន គ្រូបណ្តុះបណ្តាល និងការអប់រំទូទៅ ដើម្បីធានាបាននូវគុណភាពធនធានមនុស្សឱ្យកាន់តែប្រសើរ។
នៅក្នុងសុន្ទរកថារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺលោកបានចូលរួមអបអរសាទរជាមួយក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេស បន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់សមាជិករបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយវិស័យអប់រំនានារបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ លោកបណ្ឌិត បានអបអរសាទរនូវការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលជាតឹកតាងនៃការលូតលាស់ និងការរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាកម្លាំងចលករតែមួយនៃវិស័យអប់រំឯកជន នៅក្នុងសេវាអប់រំរបស់កម្ពុជា ហើយសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។
ក្នុងកម្មវិធីជាប្រវត្តិសាស្ត្រទីមួយសម្រាប់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នារាត្រីនោះ លោក គង់ សំនៀង ប្រធានអាណត្តិថ្មីនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្តេជ្ញាចិត្តដឹកនាំសហព័ន្ធបន្តឲ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិរបស់លោក។
គួរជម្រាបផងដែរថា កម្មវិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបានដោយរលូនក៏ដោយសារមានការចូលរួមពីសំណាក់ម្ចាស់ឧបត្ថម ដែលស្រលាញ់វិស័យអប់រំនៅកម្ពុជា រួមមាន៖ Diamond Sponsors: ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និង មិត្តយើង, Gold Sponsors: BSEA, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, MJQ និង Silver Sponsors: សាលាហ៊្វូតព្រីនអន្តរជាតិ, សាលាអន្តរជាតិអាស៊ាន, World International School in Cambodia, GoodHill និង Pilot ៕