(ភ្នំពេញ)៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (RCI Fund) បានសហការជាមួយមជ្ឃមណ្ឌល សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នៃក្រសួងអប់រំ យុវជន និងកីឡា គិតចាប់ពីថ្ងៃទី០១ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះរៀបចំកម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថលចំនួន ៣វិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖ វិទ្យាល័យបឹងត្របែក, វិទ្យាល័យទួលទំពូង និងវិទ្យាល័យបឹងកេងកង។

តាមរយៈកម្មវិធីខាងលើ ក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ក្នុងការធ្វើការសាកល្បង និងមានឱកាសអនុវត្តជាក់ស្តែងជាមួយក្រុមការងារលើដំណើរការពិសោធន៍ជាច្រើន និងមានការសាកសួរព័ត៌មាន ការផ្តល់ចំណេះដឹង ទាក់ទងនឹងបច្ចេកវិទ្យា Robotics និងCoding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃយ៉ាងស្វិតស្វាញ ដើម្បីជាប្រយោជន៍ក្នុងការផ្សារភ្ជាប់នឹងអ្វីដែលបានសិក្សារួច យកមកអនុវត្តផ្ទាល់។

លើសពីនេះទៅទៀត នាឱកាសនោះលោកនាយក ក៏ដូចជាសិស្សានុសិស្សនៃវិទ្យាល័យទាំង៣ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្រោយពីបានចូលរួម ដោយបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងមជ្ឃមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីនេះឡើង និងស្នើសុំឳ្យមានកម្មវិធីបែបនេះបន្តបន្ទាប់ទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថល ដោយផ្ទាល់នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗមានគោលបំណងដូចជា៖

* ផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបានឃើញ និងស្វែងយល់ លើដំណើរការពិសោធមួយចំនួនទាក់ទង នឹងមុខវិជ្ជាវិទ្យាសាស្រ្ត ដែលមាននៅក្នុងកម្មវិធីសិក្សា
­* អនុញ្ញាតឱ្យសិស្សានុសិស្សឡើងធ្វើការសាកល្បង និងអនុវត្តជាក់ស្តែង លើដំណើរការពិសោធមួយចំនួនដោយផ្ទាល់
­* លើកទឹកចិត្តឱ្យសិស្សស្វែងយល់ និងសាកសួរព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា Robotics និងCoding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ
­* បង្ហាញជូនដល់សិស្សានុសិស្ស នូវឃ្លាំងមាតិកាអប់រំឌីជីថល (វីដេអូនៃការបង្រៀន វីដេអូនៃការពិសោធ និងកម្រងសន្លឹកកិច្ចការ) សម្រាប់លើកកម្ពស់ការរៀនសូត្រតាមបែបការអប់រំឌីជីថល តាមរយៈគេហទំព័រ www.duraseksa.com ដែលជាគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា
­* ជំរុញ និងលើកទឹកចិត្តឱ្យសិស្សចាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រ និងការត្រៀមខ្លួនចូលសិក្សាមុខវិជ្ជា STEM នៅកម្រិតឧត្តមសិក្សា ដើម្បីជាផ្នែកមួយក្នុងការចូលរួម ឆ្លើយតបជាមួយនឹងតម្រូវការទីផ្សារការងារ ស្របតាមបដិវត្តន៍ឧស្សាហកម្ម៤.០។

ជាជំហ៊ានបន្ទាប់នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថល ដែលប្រព្រឹត្តនៅវិទ្យាល័យក្នុងរាជធានីភ្នំពេញ ចំនួន២បន្ថែមទៀត គឺវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យជាស៊ីមសាមគ្គីផងដែរ៕