(រតនគិរី)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញលោកប្រធានមន្ទីរថ្មីត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ។
លោក ដេន ចាន់ថន ត្រូវបានប្រកាសមុខតំណែងថ្មី ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ជំនួសលោក ឌុច ចាន់តូ ដែលបានទទួលភារកិច្ចថ្មី។
ការណែនាំរបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ទៅកាន់លោក ដេន ចាន់ថន រួមមាន៖
ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តរតនគិរីប្រគល់ជូន។
ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ទី៦- ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។
លោក អ៉ិត សំហេង បានសម្ដែងនូវការអរគុណ និងកោតសរសើរចំពោះការខិតខំបំពេញការងារកន្លងរបស់លោក ឌុច ចាន់តូ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលបានទទួលភារកិច្ចថ្មី និងចូលរួមអបអរសាទរចំពោះលោក ដេន ចាន់ថន ដែលទទួលបានមុខតំណែងថ្មី ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តរតនគិរី នឹងខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។
ក្នុងឱកាសនោះ លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើអោយខេត្តរតនគិរី ទទួលបានការរីកចម្រើនគួរជាទីមោទន។
ជាមួយនេះដែរ លោកបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលកន្លងមកបានអនុវត្តការងារស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តរតនគិរី ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី គូសបញ្ជាក់ថា ការរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរថ្មីនេះ ជាកិច្ចការធម្មតារបស់មន្ត្រីរាជការ ដែលត្រូវផ្លាស់ប្តូរមុខតំណែង តួនាទី ភារកិច្ចទៅតាមការងារចាំបាច់ ឬតម្រូវការចំពោះមុខ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរឱ្យដំណើរការដោយរលូន និងសម្រេចបានជោគជ័យដោយបេសកម្មរបស់ខ្លួន។
លោកអភិបាលខេត្ត សង្ឃឹមថាលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបានតែងតាំងថ្មីនឹងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការដឹកនាំ គ្រប់គ្រងលើវិស័យរបស់ខ្លួនឱ្យមានការអភិវឌ្ឍបន្ថែមទៀត និងត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការងារស្នូលរបស់អង្គភាព៕