(ព្រះសីហនុ)៖ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសចំនួន ១គ្រឿង ឈ្មោះ HMS SPEY-(P234) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនកិច្ច ពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា) ដើម្បីផ្លាស់ប្តូរដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ មន្ត្រីតំណាង កងទព័ជើងទឹកនិងមន្ត្រីកងយោធពលខេមរភូមិន្ទច្រើនរូប បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចពេលនាវាចូលចតដល់កំពង់ផែផងដែរ។
លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ដឹកនាំដោយវរនាវីទោ មីឃែលប្រោត មែន មេបញ្ជាការនាវា HMS SPEY(P234) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ហើយសម្រាប់ការចូលចតរបស់នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសនៅកម្ពុជា។
គួរបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវា គឺមានបណ្ដោយ 90.4ម៉ែត្រ, ទទឹង 13.5ម៉ែត្រ, ជម្រៅទឹក 4.3ម៉ែត្រ, ទំងន់ផ្ទុក 2000 T និងចំនួនមនុស្ស ៦៧នាក់៕