(ព្រះសីហនុ)៖ គណៈកម្មការទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយលោក សុខ ឥសាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការ របស់អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ ព្រមទាំងបញ្ហាប្រឈមនានាក្នុងខេត្ត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក គួច ចំរើន បានជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្ត មាន ២ក្រុង ៣ស្រុក ស្មើ ២៣ឃុំ ៦សង្កាត់ និង ១១១ភូមិ ខេត្តមានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ឆ្នាំ២០២១ មានចំនួន ៤.១៨០ដុល្លារអាមេរិក កាត់បន្ថយអត្រាភាពក្រីក្រធ្លាក់មកនៅត្រឹម ១,៨% ឆ្នាំ២០២២។

រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើន សេដ្ឋកិច្ចជាតិ សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកអភិបាលខេត្តបានបន្តថា សមិទ្ធផលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមារួមមាន រង្វង់មូល ព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ។

ក្រៅពីសមិទ្ធផលខាងលើយើងមានកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននាំភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ យ៉ាងច្រើនកុះករនៅចុងសប្តាហ៍ និងពីធីបុណ្យជាតិ អន្តរជាតិ ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។

លោកបន្តថា ការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ ដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត។

លោក សុខ ឥសាន បានថ្លែងអំណរគុណគណៈបញ្ជាការឯកភាពខេត្ត និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកបន្តថា ដំណើរបំពេញការងាររបស់ គណៈកម្មការទី៤ នៃព្រឹទ្ធសភានាពេលនេះ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពការងារ នៃអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចសហប្រតិបត្តិការរបស់អភិបាល នៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរមុខងារសាធារណៈ ព្រមទាំងបានពាំនាំបញ្ហាប្រឈមនានាដែលគណៈបញ្ជាការឯកភាពខេត្ត យកទៅជំរាបជូនសម្តេចប្រធានព្រឹទ្ធសភា៕