(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកបក្សនៅមូលដ្ឋាន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ ព្រមសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ នាថ្ងៃទី១១ និង​ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ លោក កែវ រ៉េមី​ បានលើកឡើងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកិច្ចការការបរទេស កំណើនសេដ្ឋកិច្ច​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម វិស័យ​ការងារ សុខុមាលភាព​សាធារណ: និងសមិទ្ធផលធំៗជាច្រើនទៀត ជាពិសេស​ ការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។

លោក​ កែវ​ រ៉េមី បានបញ្ជាក់បន្ថែម​ថា​ សមិទ្ធផល​ទាំងនេះអាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុតគឺសន្តិភាព​។ សម្ដេច​តេជោនាយករដ្ឋមន្ត្រី តែងតែ​យកចិត្ត​ទុកដាក់​ជាខ្លាំងចំពោះសុខទុក្ខ ជីវភាព​ សុខភាព​ប្រជា​ពលរដ្ឋ​ សុខុមាលភាព​សាធារណៈ​ និងការកាត់បន្ថយភាពក្រីក្រ។

លោក កែវ រ៉េមី បានស្នើឱ្យសមាជិក សមាជិករបស់គណប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ច និងសូមកុំអើតក្រទម ត្រូវតែគោរពស្រឡាញ់គ្នាឱ្យបានច្រើន បើទោះបីមាននិន្នាការខុសគ្នាក៏ដោយ។

លោក កែវ រ៉េមី ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវបន្តចុះឱ្យដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពួកគាត់ ហើយត្រូវរាយការណ៍បន្តភ្លាមប្រសិនបើបញ្ហានោះហួស ពីសមត្ថភាពក្នុងការដោះស្រាយតាមថ្នាក់របស់ខ្លួននីមួយៗ៕