(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណយ៉ាងជ្រៅដល់ប្រជាពលរដ្ឋចំនួន​ ៣៥​គ្រួសារ​ ដែលបានស្ម័គ្រ​ចិត្តបន្លាស់ទីលំនៅដ្ឋានពីតំបន់ជើងភ្នំទេពី មកទទួលយកដីឡូត៍ថ្មី រៀបចំដោយអាជ្ញាធរ។ ការរៀបចំផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋ៣៥គ្រួសារនេះ ដើម្បីយកទីតាំងលំនៅឋាន​កំពង់ផែ​ពហុបំណង និងមណ្ឌលភ័ស្តុភារ​កម្មនៅតំបន់មាត់ទន្លេជើងភ្នំទេពី ក្នុងឃុំកំពង់ហាវ ស្រុកកំពង់​លែង ខេត្តកំពង់ឆ្នាំង ដែលមានការអនុញ្ញាត​ពីរាជរដ្ឋាភិបាល​។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ នៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ ដែលបានស្ម័គ្រចិត្តបន្លាស់ទីលំនៅ ពីតំបន់អភិវឌ្ឍន៍មករស់ នៅក្នុងតំបន់ថ្មីក្នុងភូមិត្រពាំងមាស ឃុំត្រងិល ស្រុកកំពង់លែង ដែលអាជ្ញាធរ និងក្រុមហ៊ុនបាន រៀបចំដីលំនៅដ្ឋាន ដោយមានប្រព័ន្ធភ្លើងទឹក និងផ្លូវជូនពួកគាត់រស់នៅប្រកបដោយផាសុខភាព ផងដែរ។

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីទាំង៣៥គ្រួសារខាងលើនេះ បានធ្វើ​ឡើងនៅសាលាស្រុកកំពង់លែង ដោយមានការចូលរួមពីលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រ​មណ្ឌលកំពង់ឆ្នាំង លោកអភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុក តំណាងក្រុមហ៊ុន ខេអិល ភី.ធីត្រេនស្ព័រថេសិន (KLP.T Transportation Co,Ltd)​ និង លោកប្រធានមន្ទីរអង្គភាព​ជុំវិញ ខេត្ត និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានរាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋចំនួន​៣៥គ្រួសារ រស់នៅតំបន់ភ្នំទេពី បានស្ម័គ្រចិត្តផ្លាស់ទីមកទទួលយកដីឡូត៍លំនៅដ្ឋាននៅក្នុង​ភូមិ​ត្រពាំងមាស ឃុំត្រងិល ដែលក្នុងមួយគ្រួសារៗ ទទួលបានដីលំនៅឋានទំហំ ១៥ម៉ែត្រ គុណ ២០ ម៉ែត្រ និងថ្ងៃនេះផងដែរ ខាងក្រុមហ៊ុនបានជួយឧបត្ថម្ភថវិកាក្នុងមួយគ្រួសារៗ ១លានរៀល,ស័ង្កសី ៣០សន្លឹក, អង្ករ៥០គីឡូ និងត្រីខ១យួរ និងទឹកស៊ីអ៉ីវ ១យួរផងដែរ។

ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ឆ្នាំង និងប្រជា​ពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឱ្យបង្កើតកំពង់ផែពហុបំណងខ្នាតអន្តរជាតិ នៅលើ​ទឹក​ដីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ លោកសង្ឃឹមថា ពេលកំពង់ផែថ្មីមួយនេះ កើតឡើងអាច​នឹងប្រមូលកសិផល និងផលិតផលនានារបស់ប្រជាកសិករនៅជុំវិញតំបន់នេះ ដឹកជញ្ជូនតាមផ្លូវ ទឹកទៅកាន់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ដែលអាចលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់ តែប្រសើរឡើង។

ជាមួយគ្នានេះនៅពេលបង្កើតកំពង់ផែពហុបំណងថ្មីមួយនេះ ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង រាប់រយនាក់ នឹងមានការងារធ្វើ ហើយនឹងទទួលបានប្រាក់ខែសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព​រស់នៅក្នុងក្រុមគ្រួសារ និងកាត់បន្ថយបានការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយស្រុក។ ជាពិសេស បានបង្កើតមុខរបររកទទួលទានបានដូចជាការលក់ដូរ ផលិតផលក្នុងស្រុកជូនដល់ភ្ញៀវទេសចរណ៍នានា ដែលធ្វើដំណើរទស្សនាកម្សាន្ត និងធ្វើការងារនៅតំបន់កំពង់ផែថ្មីនេះ។

ចំពោះប្រជាពលរដ្ឋ ៣៥គ្រួសារដែលស្ម័គ្រចិត្តមករស់នៅលើទីតាំងដីរៀបចំថ្មី លោកអភិបាលខេត្ត បានប្រកាសជួយធ្វើផ្លូវចំនួន៦ខ្សែ ជួយធ្វើបង្គន់អនាម័យចំនួន ៣៥បន្ទប់នឹងជួយគ្រឿងចក្រ សម្រាប់ជីកលូបង្គន់, ឧបត្ថម្ភអំពូលសូឡា ១០០ដើម ដាក់តាមផ្លូវក្នុងភូមិ និងជួយឧបត្ថម្ភអង្ករ ជូនប្រជាពលរដ្ឋទាំង ៣៥គ្រួសារ ក្នុង១ខែ ៥០គីឡូ រយៈពេល ២ខែបន្តទៀត និងបានផ្ដាំផ្ញើដល់ អាជ្ញាធរស្រុកជួយមើលការខុសត្រូវ បើមានការខ្វះខាត សូមឱ្យជួយដោះស្រាយជូនពួកគាត់ឱ្យ បានទាន់ពេលវេលា។

លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុនខាងលើនេះ បានឱ្យដឹងដែរថា ដោយក្រុមហ៊ុនសម្លឹងឃើញចក្ខុវិ ស័យខ្ពស់ និងសក្តានុពលនៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងនេះ ពិសេសវិស័យដឹកជញ្ជូន និងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធមួយចំនួន ក្នុងការអភិវឌ្ឍន៍ គឺក្រុមហ៊ុនបានសម្រេចរៀបចំកំពង់ផែពហុបំណង និងមណ្ឌភ័ស្តុភាកម្ម ដើម្បី​កាត់​បន្ថយទៅលើការដឹកជញ្ជូនផ្លូវគោក ដោយចាប់យកការដឹកជញ្ជូនផ្លូវទឹក ដោយសារតែការដឹក​ជញ្ជូន​​ផ្លូវទឹកគឺជាវិស័យមួយដ៏សំខាន់ ដែលអាចកាត់បន្ថយនូវការ​ចំណាយ​ និងងាយ​ស្រួលក្នុង ការចែកចាយទំនិញចែកជូនទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាការលើកកម្ពស់ផ្នែកវិស័យកសិ កម្ម គឺក្រុមហ៊ុន និងមានគម្រោងប្រមូលរាល់ដំណាំកសិផលទាំងអស់ មិនថានៅក្នុងខេត្ត​កំពង់ឆ្នាំង​ឬក៏នៅជុំវិញខេត្តកំពង់ឆ្នាំង គឺប្រមូលដឹកជញ្ជូនមកកាន់កំពុងផែថ្មីនៅក្នុងស្រុកកំពង់លែងនេះ ដើម្បីដឹកចែកចាយទៅកាន់ទីផ្សារបន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកបន្តថា មួយវិញទៀត នៅក្នុងតំបន់នេះផ្ទាល់​ គឺជាតំបន់មួយដែលលិច​ទឹកជារៀងរាល់​រដូវ​វស្សា ហេតុនេះសកម្មភាពដឹកជញ្ជូនផ្សេងៗ ​គឺពុំមាននោះទេ។ ​ក្រុមហ៊ុនបានបង្កើតកំពង់ផែនេះ​ឡើង ​​ដើម្បីប្រមូលរាល់ផលអនុផលកសិកម្មទាំងអស់ និងដើម្បីជាការលើកកម្ពស់តម្លៃទីផ្សារ​ឱ្យសមទៅនឹងតម្លៃដែលប្រជាកសិករ បានដឹកយកទៅលក់នៅតាមទីផ្សារនានា។ ជាពិសេសរួមចំណែក​អភិវឌ្ឍន៍មូលដ្ឋាននេះ ឱ្យប្រជាពលរដ្ឋមានការងារធ្វើ ដើម្បីមានជីវភាពរីកចម្រើន។

លោកស្រី ជិនវណ្ណា អាយុ ៤៤ឆ្នាំ និង លោក ជិន ហេង អាយុ​ ៥៧ឆ្នាំ​ ជាប្រជាពលរដ្ឋផ្លាស់​ទី​លំនៅ​ឋាន ដែលបានមកទទួលអំណោយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ បានឱ្យដឹងថា ពួកគាត់​ទាំង ​៣៥គ្រួសារ ពិតជាបានស័គ្រចិត្តផ្លាស់ទីលំនៅ ពីតំបន់ភ្នំទេពី មកទទួលយកដីឡូត៍លំ នៅឋានថ្មីក្នុងភូមិត្រពាំងមាស តាមការរៀបចំរបស់អាជ្ញាធរ និងតំណាងក្រុមហ៊ុន ពិតមែនដោយ​គ្មាន​ការបង្ខិតបង្ខំឡើយ ដើម្បីចូលរួមការអភិវឌ្ឍន៍ធ្វើកំពុងផែថ្មី លើទឹកដីស្រុកកំពង់លែង ជាមការលើកស្ទួយសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ក៏ដូចសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ​ឱ្យកាន់តែ​ប្រសើរ​ឡើង៕