(ព្រះវិហារ)៖ បេក្ខជនបេក្ខនារីជាង ១០០នាក់ មកពីតាមក្រុងស្រុកទូទាំងខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានមកចូលរួមសម្ភាស ដើម្បីបានចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០២៣។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ថ្លែងថា មន្ត្រីជាប់កិច្ចសន្យាជាមន្ត្រីរាជការ ព្រោះទទួលប្រាក់ខែពីរាជរដ្ឋាភិបាល។
លោក សំ លាងទ្រី បានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាសប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចូលបម្រើការងារនៅក្នុងមន្ទីរតាមផ្នែកផ្សេងៗចំនួន៥០រូប។
ជាក់ស្តែងមាន បេក្ខជនបេក្ខនារី រហូតចំនួន១៥៣រូប បានមកទទួលពាក្យដើម្បីបំពេញបានចូលប្រឡង ហើយក្នុងនោះមាន បេក្ខជន បេក្ខនារី ចំនួន១០៣រូប បានបំពេញពាក្យប្រឡងបានត្រឹមត្រូវ ចំណែក បេក្ខជន បេក្ខនារី ចំនួន៥០រូបទៀត បំពេញពាក្យប្រឡងមិនត្រឹមត្រូវតាមលក្ខខណ្ឌ នៃសេចក្តីជូនដំណឹងរបស់មន្ទីរ ទើបមិនមានឈ្មោះប្រឡងនៅពេលនេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ដោយសារចំនួន បេក្ខជន បេក្ខនារីច្រើន ដូច្នេះការសម្ភាសប្រឡងជ្រើសរើស បេក្ខជន បេក្ខនារី ចូលបម្រើការងារជាមន្ត្រីកិច្ចសន្យា គឺយើងត្រូវធ្វើកម្មវិធីប្រឡងចំនួន២វគ្គ គឺវគ្គទី១ធ្វើនៅពេលព្រឹក និងវគ្គទី២ធ្វើពេលរសៀល ហើយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងតំណាងមន្ទីរមុខងារសាធារណៈខេត្ត ធ្វើការត្រួតពិនិត្យ និងឃ្លាំមើលសកម្មភាពប្រឡងនេះពេញមួយថ្ងៃ។
លោក សំ លាងទ្រី បានថ្លែងប្រាប់ បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងថា មន្ត្រីជាប់កិច្ចសន្យា គឺជាមន្ត្រីរាជការ ព្រោះទទួលប្រាក់ខែពីរាជរដ្ឋាភិបាល ដូច្នេះមន្ត្រីទាំងអស់ដែលទទួលប្រាក់ខែពីរាជរដ្ឋាភិបាល គឺជាមន្ត្រីរាជការទាំងអស់។
មន្ត្រីរាជការមានសិទ្ធិចុះបំពេញបេសកកម្មគ្រប់ច្រកល្ហកទាំងអស់ក្រោមការចាត់តាំងរបស់ប្រធានមន្ទីរ នឹងមានរបបបំពេញបេសកកម្មដូចគ្នា ប៉ុន្តែមន្ត្រីជាប់កិច្ចសន្យាមិនមានសិទ្ធតែងតាំងនោះទេ ហើយរយះពេល១ឆ្នាំត្រូវធ្វើការ សម្ភាសម្តង មានន័យថា១ឆ្នាំចុះកិច្ចសន្យាម្តង។
ជាមួយគ្នានេះ លោក សំ លាងទ្រី បានណែនាំដល់មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវចេះឱ្យតម្លៃខ្លួនឯងជាមន្ត្រីរាជការ ព្រោះយើងមានរបបផ្សេងៗពីសម្តេចតេជោ ហ៊ុន សែន ដូចជារដូវបុណ្យទានផ្សេងៗដូចមន្ត្រីរាជការដែរ។ ហើយលោកក៏បានបញ្ជាក់ថា អ្នកដែលបានប្រឡងជាប់ជាមន្ត្រីជាប់កិច្ចសន្យា សូមខិតខំបំពេញការងារដោយមិនបាច់គិតពីប្រាក់ខែទេ ព្រោះប្រាក់ខែយើងរាជរដ្ឋាភិបាលជាអ្នកគិតឱ្យហើយ ផ្ទុយទៅវិញត្រូវធ្វើការងារឱ្យខ្លាំង ជាងមន្ត្រីក្របខណ្ឌ នោះប្រាក់ខែយើងនឹងកើនឡើងទៅតាមនោះហើយ៕