(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីសម្រាប់តំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អំឡុងសន្និសីទកាសែតរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចបានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។

សម្តេចបានថ្លែងថា ឡាវគឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម

សម្តេចបានលើកឡើងទៀតថា យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។

សម្តេចបានបន្ថែមថា៖ ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជា៕