(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីក្រោយសាលាតិចណូក្នុងមូលដ្ឋានខណ្ឌទួលគោក ទៅកាន់អាកាសដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដោះស្រាយការកកស្ទះរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅ របស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន របស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម។ ចំពោះបញ្ហាកកស្ទះចរាចរណ៍ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត ស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។

«កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺកូវីដ១៩។ សម្រាប់ពេលនេះ យើងបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ»។ នេះបើតាមលោក ឃួង ស្រេង។

លោក Cyril Girot បានលើកឡើងផងដែរថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអាគារខ្ពស់ៗជាង៣ពាន់អាគារ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

លោកបន្តថា «យើងបានជួបបញ្ហាប្រឈមដូចគ្នាទាំងលើពិភពលោក ក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺជំងឺកូវីដ១៩។ តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឲ្យដំណើរការឡើងវិញ»

លោកថ្លែងទៀតថា ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឲ្យកាន់តែប្រសើររឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះដែរ ចំពោះការស្នើឡើងរបស់ក្រុមហ៊ុន ឲ្យមានការសហការគ្នា រាជធានីភ្នំពេញ ជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងបញ្ញាសារាចរណ៍មួយចំនួន នៅមុខអាកាសយានដ្ឋានភ្នំពេញ លោក ឃួង ស្រេង ក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍ នៅមុខអាកាសយានដ្ឋានភ្នំពេញនេះ ឲ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕