(ក្រចេះ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត។

ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ហើយក៏សម្តេចក៏ជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធសេរីភាព និងឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើនក្នុងអតីតកាល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងទីអារាមដែលមានវ័យចំណាស់ជាង ១០០ ឆ្នាំមួយនេះ និងដែលមានជាប់ទាក់ទិនទៅនឹងរឿងព្រេងនិទានបុរាណប្រចាំ តំបន់នេះផងដែរ។ សមិទ្ធផលទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិនូវប្រពៃណីនៃការចែករំលែក ដោយបានខិតខំថែរក្សា និងបន្តកសាងសមិទ្ធផលដែលបុព្វបុរស ជំនាន់មុនបានបន្សល់ទុកឱ្យជាកេរតំណែល និងប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា តែងបានធ្វើបុណ្យធ្វើទានជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ ជាពិសេសអស់រយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ ហើយក៏នៅតែបន្តកសាងកុសលផលបុណ្យ និងសមិទ្ធផលច្រើនសន្ធឹកសន្ធាប់តទៅមុខទៀត ដោយនិរន្តរភាព និងចីរភាព៕