(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវ១ខ្សែ ប្រវែងជិត៣គីឡូម៉ែត្រ និងអមដោយប្រព័ន្ឋលូ មុខកាត់១ម៉ែត្រ ដោយចាប់ពីផ្លូវចុះវត្ត ពោធិញ្ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រហូតមកដល់ផ្លូវភូមិចំរើនផល សង្កាត់បឹងទំពុន។
ពិធីបើកការដ្ឋាននេះ រៀបចំធ្វើនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញ អភិបាលខណ្ឌ ព្រមទាំងប្រជាពលរដ្ឋចូលរួម ជិត៥០០នាក់។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងថា ការបើកផ្លូវនេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ២៧១ ឆ្លងកាត់រហូតទៅដល់ផ្លូវលេខ៣៧១ ដើម្បីជួយ សម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងបង្ការករណីអគ្គីភ័យកើតឡើង។ ដោយឡែកចំពោះការដាក់ប្រព័ន្ធលូនៅផ្លូវនេះ គឺដើម្បីដោះទឹកលិចផ្លូវ និងលំនៅដ្ឋានពលរដ្ឋនៅតំបន់នេះ ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវ សូមមានការយោគយល់ ចំពោះការប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងការដាក់លូ អមផ្លូវផងដែរ ។
លោកបានបញ្ជាក់បន្ថែមថា អ្វីដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំបានមកដល់ហើយ ផ្លូវមួយប្រវែងជិត៣គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ និងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលនឹងអាចជួយសម្រូលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗ ខាងមុខនេះ ៕