(កំពត)៖ លោក ស៊ុន វីនតៈ ទីប្រឹក្សាក្រសួងសុខាភិបាល តំណាងលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្នើឱ្យឲ្យគ្រប់ភាគីទាំងនៅថ្នាក់ជាតិ ក្រោមជាតិ អង្គការដៃគូ អ្នកផលិត អ្នកដាំដុះ អ្នកលក់ចំណីអាហារត្រូវបង្កើនការ យកចិត្តទុកដាក់ ពាក់ព័ន្ធរឿងសុវត្ថិភាពស្បៀងអាហារ។
ការស្នើបែបនេះ ខណៈលោក ស៊ុន វីនតៈ រួមជាមួយលោក ស៊ីវ ផេង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកំពត និងលោក អ៊ិន ជីវ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ធ្វើជាអធិបតីក្នុងវេទិកាអាហារូបត្ថម្ភ សហគមន៍ ដែលបានធ្វើឡើងនៅសាលាស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងដាវុធ អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ប្រមាណ ៧០០នាក់។
លោក ស៊ុន វីនតៈ បានលើកឡើងទៀតថា បញ្ហាអាហាររូបត្ថម្ភ និងសុវត្ថភាពម្ហូបអាហារនៅតែមានផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមជាតិ សុខមាលភាព របស់ប្រជាពលរដ្ឋ ពិសេសទៅលើសុខភាពកុមារ។ តាមលទ្ធផលអង្កេត របស់ក្រសួងផែនការ ឆ្នាំ២០២១ ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានភាពក្រេះក្រិនថយចុះ ពី៣២% មកត្រឹម ២២% ក៏ពិតមែន ប៉ុន្តែចំនួនកុមារស្លេកស្លាំង ស្គមស្គាំងនៅតែកើនឡើងដដែល។ ហើយបញ្ហាអាហាររូបត្ថម្ភ និងសុវត្ថិភាពម្ហូបអាហារនៅតែមានផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមជាតិ សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ដើម្បីចូលរួមកាត់បន្ថយ ឈានលប់បំបាត់បញ្ហានេះ ទាមទាឲ្យមានការអប់រំផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមកម្មវិធី សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ឲ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធនៅគ្រប់មូលដ្ឋាន។
នាឱកាសនោះលោក ស៊ីវ ផេង បានថ្លែងថា អាជ្ញាធរខេត្តកំពត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារសុវត្ថិភាពស្បៀងអាហារ និងអាហាររូបត្ថម្ភ ហើយខេត្តបានដាក់ចូលការងារនេះ ទៅក្នុងផែនការអភិវឌ្ឍន៍ វិនិយោគ៣ឆ្នាំរំកិលខេត្ត ក្រុងស្រុក និងឃុំ សង្គាត់ ឆ្នាំ២០២៣-២០២៥ គ្រប់ទាំង៩៣ឃុំសង្គាត់។ ប៉ុន្តែដើម្បីទទួលបានលទ្ធផលល្អ លោកអភិបាលរងខេត្ត បានស្នើដល់អ្នកពាក់ព័ន្ធនឹងចង្វាក់នៃការផលិតចំណីអាហារទាំងអស់ ចូលរួមអនុវត្តតាមបច្ចេកទេស និងការណែនាំរបស់អ្នកជំនាញពាក់ព័ន្ធឲ្យបានត្រឹមត្រូវ។
លោកស្រី ចាន់ ធារី នាយិកាអង្គការ រ៉ាឆា បានឲ្យដឹងថា គម្រោងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភអនុវត្តដោយអង្គការ រ៉ាឆា ក្រោមការឧបត្ថម្ភរបស់អង្គការ ជីអាយហ្សិត (GIZ)។ គម្រោងអនុវត្តនៅស្រុកទឹកឈូ កំពង់ត្រាច ដងទង់ និងស្រុកឈូក ដែលគ្រប់ដណ្តប់ ៩០ភូមិ ក្នុងឃុំចំនួន២៧ មានបំណង លើកកម្ពស់ស្ថានភាពសុខភាពស្បៀងអាហាររូបបត្ថម្ភ និងរបបអាហារចម្រុះរបស់ស្ត្រីក្នុងវ័យបន្តពូជន៍ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំប៉ៅដោះកូន កុមារមានអាយុពីសូន្យ ទៅ២៣ខែ តាមរយៈការចងក្រងក្រុមថែទាំ ការផ្ដល់ចំណេះដឹង ការចុះសួរសុខទុក្ខតាមផ្ទះ ដោយក្រុមទ្រទ្រង់សុខភាពភូមិ ការរៀបចំក្រុមសន្សំ ដើម្បីផ្លាស់ប្រែ និងទន់បង្វិលនិងការផ្លាស់ប្ដូរការអនុវត្ត។
ការរៀបចំសកម្មភាពទាំងនេះ ផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រជាតិរបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានកិច្ចសហការជាមួយរដ្ឋអំណាច មូលដ្ឋាននៅថ្នាក់ក្រោមជាតិ។ ហើយកន្លងមក ដើម្បីសម្រួលដល់រដ្ឋបាលឃុំ ក្នុងការអនុវត្តសកម្មភាពនៅមូលដ្ឋាន គម្រោងបានផ្ដល់ម៉ូតូដល់ឃុំចំនួន ០៤ ក្នុងស្រុកគោលដៅទាំង៤។ ហើយក្នុងឱកាសវេទិកា ថ្ងៃនេះ គម្រោងនិងផ្ដល់ម៉ូតូដល់ឃុំចំនួន ១០ បន្ថែមទៀត។ រំពឹងថាការផ្ដល់មធ្យោបាយធ្វើដំណើរនេះ នឹងជួយសម្រួលដល់រដ្ឋបាលឃុំ ក្នុងការអនុវត្តសកម្មភាពទៅតាមសូចនាករ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង ជាពិសេសធ្វើឲ្យការនាំសេវាទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត៕