(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកទឹកចិត្តដល់សាធារណជន បន្តសកម្មភាពចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យកាន់តែសកម្មឡើងថែមទៀត ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយខ្លួនឯង ដើម្បីភាពញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា និងដើម្បីជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មលើកកម្ពស់សុខុមាលភាពមាតា និងទារក ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងពីធីបើក«សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «ការពិនិត្យ និងព្យាបាលកុមារ ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ក៏ជាផ្នែកមួយនៃការផ្តល់កិច្ចគាំពារសង្គម ដែលខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រីទាំងអស់ ចំពោះការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ។»
នៅថ្ងៃទី១៣ កុម្ភៈនេះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានឆ្លៀតផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់បណ្ណសរសើរជូនតំណាងក្រសួង-ស្ថាប័ន ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងសហការក្នុងការដឹកនាំ និងអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដោយជោគជ័យ និងបណ្ណទទួលស្គាល់ ដែលបង្ហាញពីការវាយតម្លៃខ្ពស់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជូនដៃគូអភិវឌ្ឍន៍សំខាន់ក្នុងប្រព័ន្ធគាំពារសង្គម
ព្រមទាំងប្រគល់បណ្ណសរសើរ ជូនសប្បុរសជនដែលជាសមាជិកស្ថាបនិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចូលរួមបរិច្ចាគដ៏សំខាន់ និងជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តឱ្យបន្តបរិច្ចាគ និងដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕