(ភ្នំពេញ)៖ អង្ករ ចំនួន ២០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC នាំយកមកប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ទូច សំណាង តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវអង្ករ ចំនួន២០០តោននេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋក្រីក្រទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយឈរលើស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នា ក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ។ លោកបន្ថែមថា កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងរាជធានីភ្នំពេញផងដែរ៕