(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយពីមានបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ស្តីពីលុបអាជ្ញាបណ្ណរបស់ VOD ទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានចុះអនុវត្តតាមបទបញ្ជាដោយបិទការផ្សាយការរបស់ VOD ដែលបានផ្សាយព័ត៌មានបំភ្លើសការពិត ហើយមិនព្រមកែតម្រូវ និងមិនព្រមសុំទោស។

លោក ប៉ែន បូណា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានពន្យល់តាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សារព័ត៌មាន VOD ផ្សាយព័ត៌មានមិនពិតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួយសម្តេចតេជោ ក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី នៅខណៈដែលសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពីផ្សាយព័ត៌មាននេះរួចហើយ លោក ហ៊ុន ម៉ាណែត ចេញមកប្រតិកម្មដោយបដិសេធថា នេះជាព័ត៌មានមិនពិតទេ ហើយទាមទារឲ្យវីអូឌីបង្ហាញឯកសារភស្តុតាង និងសុំឲ្យកែតម្រូវ និងសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត ថែមទាំងបញ្ជាក់ច្បាស់ៗថា លោកគ្មានសិទ្ធិចុះហត្ថលេខាលើឯកសារផ្លូវការ របស់រាជរដ្ឋាភិបាលឡើយ។ ប៉ុន្តែ វីអូឌី ធ្វើមិនដឹងមិនលឺដោយមិនព្រមកែតម្រូវ ឬសុំទោសឡើយ។

លោក ប៉ែន បូណា បន្តថា បន្ទាប់មកទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រីបានចេញមកប្រតិកម្មដោយថែមទាំងបានបង្ហាញសារឆ្លើយឆ្លងគ្នារវាងសម្តេចជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថវិកាដែលត្រូវផ្តល់ជូនប្រទេសតួកគី ដោយគ្មានពាក់ព័ន្ធជាមួយលោក ហ៊ុន ម៉ាណែត ឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានទុកពេល ៧២ ម៉ោងឲ្យ វីអូឌី សុំទោស។ ប៉ុន្តែសារព័ត៌មាននេះនៅតែមិនព្រមធ្វើ។

ក្រោយមកទៀត ក្រសួងព័ត៌មាន បានកោះអញ្ជើញតំណាងសារព័ត៌មាន វីអូឌី មកពិភកាក្សារកដំណោះស្រាយដោយក្រសួងបានទទូចឲ្យគាត់ធ្វើការកែតម្រូវ និងសុំទោសសម្តេចនាយករដ្ឋមន្ត្រីនិងលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែទីបំផុត ក្នុងលិខិតផ្ញើទៅកាន់សម្តេចនាយករដ្ឋមន្ត្រី វីអូឌី មិនបានសុំទោសដដែល។
សំណួរនៅត្រង់ថា តើ វីអូឌី មានចេតនាអ្វីបានជាទុកព័ត៌មានដែលខ្លួនផ្សាយខុសឲ្យអូសបន្លាយយូរយ៉ាងនេះ ដោយមិនព្រមកែតម្រូវតាមការ ទាមទាររបស់ភាគីរងគ្រោះ ដោយសារតែការផ្សាយព័ត៌មានមិនពិតរបស់ខ្លួន? បើតាមលោក ប៉ែន បូណា កំហុសនៃការផ្សាយរបស់វីអូឌី មានទំហំធំធេងណាស់ ហើយវីអូឌី មានពេលវេលាគ្រប់គ្រាន់ក្នុងការកែតម្រូវ ប៉ុន្តែ សារព័ត៌មាននេះបានព្រងើយកន្តើយចំពោះការសុំឲ្យកែតម្រូវ។ បញ្ហានេះបានធ្វើឲ្យផលប៉ះពាល់ ដែលកើតចេញពីព័ត៌មានមិនពិតរបស់ខ្លួនមានទំហំកាន់តែធំ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដដែលមួយរូបបានកត់សម្គាល់ថា ការផ្សាយបំភ្លៃការពិតរបស់ VOD អាចជាចេតនាបង្កឲ្យមានការអាក់អន់ចិត្តរវាង ថ្នាក់ដឹកនាំកំពូលៗក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចនេះយើងគួរបញ្ជាក់ជូនថា រាល់ពេលអវត្តមានសម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេស, សម្តេចក្រឡាហោម ស ខេង នឹងមានតួនាទីជាអ្នកទទួលខុសត្រូវប្រទេសជាតិ ក្នុងនាមនាយករដ្ឋមន្រ្តីស្តីទី ដើម្បីចុះហត្ថលេខាលើកិច្ចការជាតិផ្សេងៗ ប៉ុន្តែបែរជាសារព័ត៌មាន VOD ចេញផ្សាយខុសពីការពិត ដើម្បីបំផ្លាញទំនុកចិត្តថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គោលដៅបំផ្លាញស្ថេរភាពនយោបាយកម្ពុជា។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជំនួយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ទៅកាន់រដ្ឋាភិបាលតួកគី គឺជាជំនួយមនុស្សធម៌ ហើយលោក ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើការប្រើប្រាស់ថវិកាផ្តល់ជំនួយនេះទេ។

ក្រុមបណ្តាញសារព័ត៌មាន និងក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល យ៉ាងច្រើន តាំងពីយប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈនេះ បានបន្តចេញសារគាំទ្រចំពោះចំណាត់ការសម្រេចឱ្យលុបអាជ្ញាប័ណ្ណវីអូឌី (VOD) ដោយយល់ឃើញថា គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ពីព្រោះនេះជាគ្រោះថ្នាក់ដែលបង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត និងមានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះលោក ហ៊ុន ម៉ាណែត ដោយអះអាងថា លោក ហ៊ុន ម៉ាណែតបានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ប៉ុន្តែ តាមការពិតគ្មានការចុះហត្ថលេខាបែបនេះឡើយ។

វីអូឌី គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលដំណើរការដោយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM) ដែលទទួលបាន ការឧបត្ថម្ភថវិកាពីមូលនិធិអង្គការ នៅសហរដ្ឋអាមេរិក៕