(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២៣បន្ថែមទៀត ទោះបីបច្ចុប្បន្នឥទ្ធិពលនៃជំងឺកូវីដ-១៩ បានថមថយក៏ដោយ ​ដើម្បីបន្តជួយគាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងដំណាក់កាលនៃការស្ដារជីវភាពឡើងវិញ។

ក្នុង​ពីធីបើក «សប្តាហ៍គាំពារសង្គម» ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា គិតមកទល់ពេលនេះ ​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រី និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ បានអនុវត្តអស់រយៈពេល ៣១ខែ មកហើយ និងបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួនប្រមាណ៧០ម៉ឺនគ្រួសារ ដែលមានសមាជិកចំនួនប្រមាណ ២.៧លាននាក់ នៅទូទាំងប្រទេស ​ដោយបាន​ចំណាយថវិកាជាតិ​ចំនួនប្រមាណ ៩៣២ លានដុល្លារអាមេរិក។

លោកបន្តថា បន្ថែមពីនេះ គ្រួសារងាយរងហានិភ័យ ដែលមានជីវភាពក្បែរនឹងបន្ទាត់នៃភាពក្រីក្រ ក៏ត្រូវបានគិតគូរផងដែ ដោយរាជរដ្ឋាភិបាល​​​បានដាក់ចេញ នូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្នុងអំឡុងពេលរងសម្ពាធអតិផរណា និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។

អគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍ថា «ជារួមក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន ៤៦៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រូសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ»។ ​

អគ្គបណ្ឌិតសភាចារ្យបន្ថែមថា ទន្ទឹមនឹងវឌ្ឍនភាព នៅក្នុងការអនុវត្តការងារកន្លងមក និងកិច្ចប្រឹងប្រែងជំរុញការអនុវត្តទិសដៅរយៈពេលខ្លីចំពោះមុខ រាជរដ្ឋាភិបាលក៏បាននឹងកំពុងគិតគូរ អំពីគោលដៅរយៈពេលវែង សម្រាប់បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ សមាហរណ មានភាពធន់ និងជាប្រព័ន្ធបែបស្វ័យប្រវត្តិកម្ម ក្នុងការទ្រទ្រង់សុខុមាលភាព ប្រជាពលរដ្ឋទៅតាមដំណាក់កាលនៃវដ្តជីវីត ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ឬគ្រោះអាសន្ន​៕