(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង បានអនុញ្ញាតឲ្យលោក លី ប្យុងហូ ប្រធានសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូនៅកម្ពុជា និងស្វែងយល់អំពីតម្រូវការរបស់កម្ពុជា សម្រាប់គម្រោងវិនិយោគនាពេលអនាគត។

បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកូរ៉េ និងបានជម្រាបជូនលោក លី ប្យុងហូ ប្រធានសាជីវកម្មសហគមន៍ជនបទកូរ៉េ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច លើវិស័យអភិវឌ្ឍន៍ជនបទ។

ទាក់ទិនទៅនឹងការងារអភិវឌ្ឍន៍ជនបទ បណ្ឌិតសភាចារ្យបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ នីតិកាលទី៦ ឆ្នាំ២០១៨ - ២០២៣ តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ រយៈពេល ៥ឆ្នាំ ២០១៩ - ២០២៣ ដោយកំណត់នូវគោលបំណងគោលនយោបាយចម្បង គឺ «ការលើក ម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គម និងវប្បធម៌»

ទន្ទឹមនឹងនេះ ក្រសួងបានផ្តោតការយកចិត្តទុកដាក់ លើការងារជាសារវ័ន្តមួយចំនួនទៀត ដើម្បីកែលម្អ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជាជនជនបទ កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតរវាងអ្នកជនបទ និងអ្នកទីក្រុង ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងស៊ីវិល័យ តាមរយៈ ការលើកកម្ពស់ជីវភាពរស់នៅ និងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ។

នៅក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណចំពោះ KRC ដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យបានល្អប្រសើរ ជាពិសេសបានផ្តល់ការគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការរៀបចំ និងអនុវត្តគម្រោង «ជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលជាដៃគូរដ៏សំខាន់របស់រាជរដ្ឋភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ»

ជាការឆ្លើយតបលោក លោក លី ប្យុងហូ បានថ្លែងអំណរគុណ និងសប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហការល្អជាមួយ KRC នាពេលកន្លងមក។

លោកបានសម្ដែងការគាំទ្រ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។ លោកបានបន្តថា សាជីវកម្មសមាគមន៍ជនបទកូរ៉េ ជាអង្គភាពរបស់រដ្ឋាភិបាលកូរ៉េ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងកសិកម្មកូរ៉េ។ ជាមួយនេះ KRC ក៏បានក៏បាននឹងកំពុងសិក្សាគម្រោងជំនួយផ្លូវការជាច្រើន សម្រាប់ឆ្នាំខាងមុខសម្រាប់កិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាង KRC ជាមួយរដ្ឋាភិបាល ជាពិសេស ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោកប្រធានសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) បានស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីត្រៀមចំគម្រោងធំៗថែមទៀត នៅពេលអនាគត។ ជាមួយនេះក៏បានអញ្ជើញលោកបណ្ឌិតសភាចារ្យ និងក្រុមការងារ ទៅធ្វើទស្សកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េផងដែរ៕