(ភ្នំពេញ)៖ The View ដែលជាគម្រោងខុនដូរកម្ពស់៣២ជាន់ស្ថិត នៅក្នុងតំបន់បឹងកេងកង១ បានបែងចែកថវិកាផ្ទាល់ខ្លួនមួយចំណែក បរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមថ្លែងអំណរគុណ ក៏ដូចជាជួយដល់ក្រុមគ្រួសារកុមារ ដែលពុំមានលទ្ធភាពបង់ថ្លៃព្យាបាលក្នុងប្រទេសកម្ពុជា។
លោក Joe Su នាយកគ្រប់គ្រងនៃគម្រោង The View បានឲ្យដឹងថា ការបរិច្ចាកថវិកាមួយចំណែករបស់ក្រុមហ៊ុន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងកម្មវិធីសប្បុរសធម៍របស់ខុនដូរThe View នៅថ្ងៃអង្គារ ខែមិថុនា នៅផ្សារទំនើបអ៉ីអនម៉លនេះ គឺដោយសារក្រុមហ៊ុនចង់ចូលរួមជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេស គឺក្រុមគ្រួសារកុមារតូចៗដែលជួបការលំបាកតែម្តងហើយការបរិច្ចាកថវិកាជាង ១ម៉ឺនដុល្លាររបស់គម្រោង The View នាពេលនេះ គឺជាសកម្មភាពសប្បុរសធម៌ទី១ហើយ ដែលក្រុមហ៊ុនបានធ្វើឡើង ដើម្បីចូលរួមចំណែកជួយដល់សង្គមកម្ពុជា ។
លោកបន្តថា The View នឹងនៅតែបន្តធ្វើសកម្មភាពបែបនេះបន្តទៀតនៅពេលខាងមុខ ដើម្បីបន្តជួយដល់ពលរដ្ឋកម្ពុជា ដែលកំពុងជួបការលំបាក និងពុំមានលទ្ធភាពចំណាយលើការព្យាបាលជាដើម ហើយបើនិយាយពីសកម្មភាពសប្បុរសធម៌នេះ ក្រុមហ៊ុនអចលនទ្រព្យរបស់លោកនៅកោះតៃវ៉ាន់តែងតែចូលរួមចំណែកបរិច្ចាកថិវិកាផ្ទាល់របស់ក្រុមហ៊ុនទៅកាន់ស្ថាប័ន និងពលរដ្ឋដែលជួបការលំបាកផ្សេងៗជាច្រើនផងដែរ ហេតុនេះ ទើបក្រុមហ៊ុនលោក នៅតែបន្តសកម្មភាពសប្បុរសធម៌នេះ នៅកម្ពុជា។
បច្ចុប្បន្នគម្រោងអគារខុនដូនេះ សម្រេចការសាងសង់របស់ខ្លួនប្រមាណ ៧០% ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៧ ហើយ បន្ទាប់ពីគម្រោងThe View នេះ សាងសង់រួចក្នុងតំបន់បឹងកេងកងហើយ ក្រុមហ៊ុនតៃវ៉ាន់ Grand Rich Fortune នេះ នឹងបន្តសិក្សា និងវិនិយោគបន្ថែម ក្នុងតំបន់សក្តានុពលកម្ពុជាបន្ថែមទៀត ដូចជាក្នុងតំបន់ទួលគោកជាដើម៕