(បន្ទាយមានជ័យ)៖ ដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ក្នុងឃុំសំបួរ និងឃុំភ្នំលៀប ឲ្យបានស្មើភាពគ្នានោះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំក្នុងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានបើកកិច្ចប្រជុំបង្កើតគណៈកម្មការរដ្ឋបាលចុះពិនិត្យក្នុងតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងទីតាំងនេះ។។

កិច្ចប្រជុំធ្វើឡើង ដោយមានការចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មខេត្ត មន្ត្រីសុរិយោដី
មន្ត្រីពាក់ព័ន្ធ និងមេឃុំមេភូមិជាច្រើនាក់។

ក្នុងកិច្ចប្រជុំនោះលោក លី សារី បានថ្លែងថា គណៈកម្មការរដ្ឋបាលនេះមានសិទ្ធិ និងតួនាទីភារកិច្ច ទទួលខុសត្រូវ ជាសេនាធិការ ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការតាមដានត្រួតពិនិត្យការចុះបញ្ជីដីធ្លី ទៅតាមនីតិវិធីនៃការកសាងប្លង់សុយោដី និងសៀវភៅកូនបញ្ជីដីធ្លី។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដើម្បីឲ្យបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹងនោះ ដំណាក់កាលទីមួយត្រៀមរៀបចំ ក្រោយពីតំបន់នោះបានប្រកាសជាតំបន់វិនិច្ឆ័យ អ្នកកាន់កាប់ដី ព្រមទាំងអ្នកពាក់ព័ន្ធត្រូវចូលរួមមើលប្លង់សុរីយោដី និងបញ្ជីឈ្មោះម្ចាស់ដី អ្នកចូលទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់ មិនអាចធ្វើការចុះបញ្ជីដីធ្លីបានឡើយ។ ការប្រមូលព័ត៌មាននៅក្នុងភូមិ ចំនួនគ្រួសារក្នុងភូមិ ចំនួនក្បាលដី ចំនួនដីទំនាស់ ដីរដ្ឋ និងដីឯកជន ប្រហាក់ប្រហែលត្រូវបានផ្ដល់ដោយមេភូមិ៕