(កំពង់ធំ)៖ ស្ទើរតែរៀងរាល់រាលថ្ងៃ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានរួមដំណើរជាមួយព្រះសង្ឃ ព្រះអនុគណស្រុក ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ចចុះសំណេះសំណាលជាមួយប្រជាការពារ និងអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបញ្ជ្រាបអំពីគុណតម្លៃនៃសុខសន្តិភាព ក៏ដូចជាអំពាវនាវឱ្យពលរដ្ឋខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។
លោក ហាក់ ម៉ុងហួត បានបញ្ជាក់នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្នុងសកម្មភាពចុះកន្លងមក គឺលោកបានរួមដំណើរជាមួយព្រះសង្ឃព្រះអនុគណស្រុក ដឹកនាំមន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចចុះជួបសំណេះសំណាលជាមួយប្រជាការពារ យុវជនតាមភូមិ អ្នករត់ម៉ូតូឌុបនិងផាសអាប់ ក្រុមគ្រូពេទ្យ អ្នកបម្រើការតាមខារ៉ាអូខេ-រង្គសាល ក៏ដូចជាលោកតាលោកយាយនៅតាមទីវត្តអារាម និងប្រជាជនចាស់ជរាជាដើម ក្នុងនោះចុះនៅតាមផ្សារ ទីប្រជុំជន មូលដ្ឋានឃុំភូមិ ខ្នងផ្ទះ ទីវត្តអារាមមួយចំនួន តួយ៉ាងដូចជានៅផ្សាររំលង ផ្សារតាំងគោក នៅឃុំទ្រៀល នៅឃុំស្រឡៅ នៅឃុំច្រនាង នៅវត្តអ្នកវាំង វត្តគុហ៍ព្រះធាតុ នៅវត្តអារាមនិងភូមិដទៃទៀត។
លោកអភិបាកស្រុកបានបន្តថា រាល់ពេលចុះជួបសំណេះសំណាលជាមួយប្រជាការពារ យុវជនតាមភូមិ អ្នករត់ម៉ូតូឌុបនិងផាសអាប់ លោកតែងសម្ដែងនូវការដឹងគុណដែលពួកគាត់ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន បម្រើសេវាកម្មជូនប្រជាជន។ លោកក៏បានទទួលទានអាហារសាមគ្គីជាមួយពួកគាត់ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល យល់ចិត្តគ្នាដូចបងប្អូនក្នុងមូលដ្ឋានតែមួយ។ មួយវិញទៀត នៅពេលចុះដល់ផ្ទះជនចាស់ជរា អ្នកមានជីវភាពទីទ័លក្រ ព្រះសង្ឃនិងលោកយាយនៅតាមទីវត្តអារាម លោកអភិបាលស្រុកក៏បាននាំអំណោយជាគ្រឿងបរិភោគប្រគល់ជូនខ្លះៗដែរ។
នាឱកាសដែលលោកតែងតែចុះជួបសំណេះសំណាលនោះ គឺមិនភ្លេចឡើយនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោករដ្ឋមន្ត្រី ថោង ខុន លោកអភិបាលខេត្ត ងួន រតនៈ។ លោកក៏បានបញ្ជ្រាបការយល់ដឹងនៃការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ការពារថែរក្សាសមិទ្ធផលនានាដែលមានស្រាប់ និងចូលរួមក្នុងការកសាងបន្ថែម។
លោកអភិបាលស្រុកដ៏សកម្មរូបនេះក៏ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រកបមុខរបរការងារ ប្រជាការពារ និងអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្ដី ឱ្យត្រៀមឯកសារសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះ ហើយត្រូវពិចារណាសម្រេចចិត្តជ្រើសរើសគណបក្សណាដែលគិតគូរដល់ប្រទេសជាតិ ប្រជាជន សន្តិភាព ស្ថិរភាពជាធំ។
លោកអភិបាកស្រុក ហាក់ ម៉ុងហួត បានបញ្ជាក់ថា លោកនៅតែបន្តចុះសំណេះសំណាលនៅមូលដ្ឋានភូមិឃុំផ្សេងទៀត ដើម្បីគោលដៅបញ្ជ្រាបការយល់ដឹង និងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ការពារថែរក្សាសមិទ្ធផលនានា ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ៕