(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជា​ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា គណបក្សប្រជា ជនកម្ពុជា គឺជាគណបក្សដែលកើតចេញពីប្រជាជន ដូច្នេះបក្សបានស្គាល់សុខទុក្ខ ស្គាល់ការ លំបាក និងស្គាល់គោលបំណងប្រជាជនចង់បានយ៉ាងច្បាស់។

លោក ស្តើង សុខុម បានលើកឡើងបែបនេះ ក្នុងពេលចុះផ្សព្វផ្សាយសេចក្តីសម្រេច​ចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់​ក្រុម​ការ​ងារ និងសមាជិក សមាជិការបស់បក្សនៅក្នុងស្រុកកំចាយមារ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការ​បោះឆ្នោត។

ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្ស​ប្រជា​ជនកម្ពុជាស្រុកកំចាយមារ។ ពិធីនោះ មានការអញ្ជើញចូលរួមពីអស់​លោក លោកស្រីសមាជិក​ក្រុមការងារ សមាជិក​ សមាជិកាគណបក្សស្រុក លោក លោកស្រីប្រធានគណបក្សឃុំ គណបក្សភូមិប្រមាណ ២២៦នាក់។

ក្នុងពិធីនោះ លោក ស្តើង សុខុម បានលើកបង្ហាញនូវលទ្ធផលនានា​ កើតចេញពីមហាសន្និបាត​វិសាមញ្ញកាលពីពេលថ្មីៗនេះ។ លោក ស្តើង សុខុម ក៏បានគូសរំលេចនូវចំណុចសំខាន់មួយចំនួន​ដែលមាននៅក្នុងគោល​ដៅយុទ្ធ​សាស្ត្រទាំង៥ និងបណ្តាគោលនយោបាយធំៗ ដែលជាអាទិភាពសម្រាប់រយៈ ពេល៥ឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ជាក់ស្ដែងនៅក្នុងប្រទេស ក្រៅ ប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

លោកប្រធានក្រុមការងារ បានបន្តលំអិតលើគោលដៅយុទ្ធសាស្ត្រទាំង៥ ដែលក្នុងនោះ ទី១៖ ការពារសន្តិភាពការពារឯករាជ្យ អធិបតេយ្យបូរណភាព និងការពាររាល់សមិទ្ធផល សង្គមជាតិ ឱ្យបានគង់វង់ឋិតថេរ, ទី២៖ កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្ស ជឿនលឿនរឹងមាំ ផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចិរភាព សមធម៌ ប្រជាជនមានជីវភាពសម្បូរ សប្បាយរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិ មនុស្ស, ទី៣៖ កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចិរភាពហិរញ្ញវត្ថុ , ទី៤៖ ជំរុញការអនុវត្តកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ និងទី៥៖ បន្តអនុវត្តគោលនយោបាយ ការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

លោក ស្តើង សុខុម បានគូសរំលេចថា «​កម្មវិធីនយោបាយនេះគ្រាន់តែបានស្ដាប់ត្រួសៗ​ គឺពិតជាមើល​ឃើញថា​ កម្មវិធីនយោបាយនេះពិតជាល្អ។ គ្រាន់តែ៥ចំណុច ដែលបានដកស្រង់ចេញខាងលើ​គឺសុទ្ធតែជាចំណុចល្អទាំងអស់ សន្តិភាព ឯករាជ្យ អធិបតេយ្យ សិទ្ធិសេរីភាព បូរណភាពទឹកដី។ សន្តិភាព គឺបានន័យថាអត់មានសង្គ្រាម។ ឯករាជ្យ គឺមិនមានបរទេសណាមកត្រួតត្រាយើង។ អធិបតេយ្យគឺយើងជាម្ចាស់ប្រទេស ។ សិទ្ធិសេរីភាពជាម្ចាស់ក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិយើងរបស់ខ្លួនយើង។បូរ ណភាពទឹកដីគឺការពារឲ្យបានទឹកដី កុំឱ្យបាត់បង់ទឹកដី»។​

លោកប្រធាន ក៏បានរំលឹកដល់ជំ​នួយស្មារតីរបស់សម្តេចក្រឡហោម ស ខេង ដែលបាននិយាយដល់​ការបង្កើតគណៈបញ្ជាការឃោសនាបោះឆ្នោតដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ ​«គណៈបញ្ជាការ​ឃោសនាបោះឆ្នោតគណបក្សខេត្ត បានរៀបចំរួចហើយលើមូលដ្ឋាននេះ ត្រូវបន្តណែនាំ និងត្រួត ពិនិត្យការរៀបចំយន្តការបោះឆ្នោតរបស់គណបក្សនៅតាមក្រុង/ស្រុក ឃុំ/សង្កាត់ទូទាំងខេត្ត និង ត្រូវធ្វើការផ្សព្វផ្សាយណែនាំអំពីគោលការណ៍នានា ដែលជាយន្តការរៀបចំការបោះឆ្នោតរបស់ គណបក្សគ្រប់ថ្នាក់ត្រូវចាប់ផ្ដើមអនុវត្តន៍ពី ថ្ងៃនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះ ឆ្នោត»។

លោកបានជំរុញឲ្យប្រធានបក្សស្រុកនិងគណបក្សស្រុកត្រូវរៀបចំគណៈបញ្ជាការឃោសនាបោះឆ្នោតនៅថ្នាក់ស្រុក និងជំរុញទៅដល់ឃុំ ហើយបើទៅដល់ភូមិទៀត គឺកាន់តែល្អ។

លោកប្រធានក្រុមការងារបានពន្យល់ថា «នេះជារឿងសំខាន់នៃការដឹកនាំ មានឯកសារ មានកម្មវិធីនយោបាយ មានមនុស្ស ប៉ុន្តែបើមិនមានការចាត់តាំងអនុវត្តន៍ឱ្យបានច្បាស់លាស់ វាអាចទៅមុខទៅក្រោយធ្វើល្អកន្លែងនេះ ប៉ុន្តែឆកល្វែងកន្លែងនោះ ដូច្នេះត្រូវមានការចាត់តាំង ដឹកនាំអនុវត្តន៍ច្បាស់លាស់ទៅតាមប្រក្រតីទិន ដែលបានកំណត់»

លោក ស្តើង សុខុម ក៏បានប្រាប់អង្គពិធីអំពីសភាពការណ៍ជាតិ​ ដោយបានបង្ហាញពីជោគ​ជ័យថ្មី ទៀត​នៃលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលថ្មីៗនេះថា រាជរដ្ឋាភិបាល បានកំពុងសិក្សាបង្កើតប៉ូសេដ្ឋកិច្ចទី៤ ដែលមានខេត្តចំនួន៤ នៅទិសពាយ័ត្យប្រទេស គឺពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិន ហើយបានកំណត់ថាជាប៉ូល «មច្ឆា និងអង្ករ» គឺបានន័យថាត្រី និងស្រូវ។ រាជរដ្ឋាភិបាល ក៏មានគម្រោងកសាងផ្លូវរថភ្លើងល្បឿនលឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចកាត់បន្ថយ ពេលវេលាសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ។

លោក ស្តើង សុខុម បន្តថា «នៅពេលយើងដឹងពីគោលនយោបាយរបស់គណបក្ស តាំងពីរបៀប របប នៃការដឹកនាំរបស់គណបក្ស គឺកាន់តែដឹង គឺធ្វើឱ្យយើងកាន់តែពេញចិត្ត។ ចំណុចដែលយើង ពេញចិត្ត គឺប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ ប្រជាធិបតេយ្យផ្ទៃក្នុងបក្សតាមរយៈមហាសន្និបាតបក្ស ក្រុមអ្នកជំនាញតាមវិស័យនីមួយៗ រៀបចំគោលនយោបាយកម្មវិធីមក ក្រុមអ្នកជំនាញរបស់គណ បក្សយកមកដាក់បញ្ចូលគ្នា កន្លែងណាកាត់ កន្លែងណាកង កន្លែងណាដែលបញ្ចូលគ្នា ឱ្យមាន គុណភាព ហើយបន្ទាប់ ទៀតដាក់ជូនថ្នាក់ដឹកនាំបក្ស ដែលតំណាងដោយសមាជិកគណៈកម្មការ កណ្ដាលរបស់បក្សជាអ្នកសម្រេច»

លោកបន្តទៀតថា «មហាសន្និបាតបក្ស​ ក៏មានការបើកទូលាយ ឱ្យតំណាង​សមាជិកបក្សទូទាំង ប្រទេស ចូលរួមពិនិត្យទាំងអស់គ្នា កែទាំងអស់គ្នា ដឹងឮទាំងអស់គ្នា ប្ដេជ្ញាចិត្តក្នុងការអនុវត្តទាំង អស់គ្នា។ កម្មវិធីនយោបាយរបស់បក្សគឺជាការសន្យារបស់គណបក្សចំពោះប្រទេសជាតិ ចំពោះប្រជាពលរដ្ឋ នៅពេលគណបក្សឈ្នះឆ្នោតកម្មវិធីនេះ ត្រូវបានយកមកអនុវត្តន៍ ។ អញ្ចឹងហើយបានជាគណបក្សប្រជាជនតែងតែឈ្នះឆ្នោត ឈ្នះហើយឈ្នះទៀត ព្រោះកម្មវិធីនយោបាយរបស់គណបក្សមិនមែនជាការយល់សប្តិ ហើយកម្មវិធីនយោបាយរបស់គណបក្សមិនមែនជារបស់អ្នកណាម្នាក់ផ្ដាច់មុខ ប៉ុន្តែជារបស់ថ្នាក់ដឹកនាំបក្ស របស់សមាជិកសមាជិកាកណ្ដាលរបស់បក្ស របស់តំណាងសមា ជិកទូទាំងប្រទេស ដំណើរការតាមបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្ស អនុម័តហើយយកទៅជំរុញអនុវត្តន៍ ។ ហើយស្មារតីកម្មវិធីនយោបាយទៀតសោតគឺយកមនុស្សជាធំដើម្បី ពលរដ្ឋជាធំ ដើម្បីប្រទេសជាតិជាធំ ។»

លោកប្រធានក្រុមការងារបន្តថា៖បងប្អូនអាចមើលនៅក្នុងកម្មវិធីនយោបាយរបស់គណបក្សតើមានចំណុចណាដែលកម្មវិធីនយោបាយរបស់គណបក្សទៅបង្គាប់ឲ្យមន្ត្រីបក្សឬបុគ្គលណាមួយទៅធ្វើខុសច្បាប់ ទៅរំលោភបំពានប្រជាជន ទៅប្រព្រឹត្តអំពើអសកម្ម ដែលធ្វើឲ្យបាត់ដី ធ្វើឲ្យបាត់ធនធានធម្មជាតិ ជួយរកមើលប្រសិនជារកឃើញសុំយក មកតវ៉ាជាមួយគណបក្ស អត់មានទេ! ។ អ្វីដែលកើតមានកន្លងមកសម្រាប់បុគ្គល វាជាទង្វើលរបស់បុគ្គលដែលធ្វើខុសច្បាប់ មិនមែនជាគណបក្សនោះទេដូចនេះបុគ្គលណា ធ្វើខុស គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ហើយបានអនុវត្តន៍ជាដំណា ក់ៗ,ដំណាក់កាលត្រូវការរស់គឺត្រូវធ្វើម៉េចឲ្យបានរស់សិន។ដំណាក់កាលប្រជាជនត្រូវការហូបឆ្អែតគឺត្រូវធ្វើម៉េចឱ្យប្រជាជនបានហូបគ្រប់គ្រាន់។ដំណាក់កាលត្រូវការរៀនសូត្រ ច្រើនធ្វើសាលាឲ្យទៅកាន់កៀកប្រជាជន។ដំណាក់កាលត្រូវការសុខភាពគឺរុញមន្ទីរពេទ្យទៅមូលដ្ឋាននិងកាន់តែមានគុណភាព។ដំណាក់កាលត្រូវការកិត្តិយស សេចក្តីថ្លៃថ្នូរ ការគាំពារផ្លូវច្បាប់ ខិតខំអភិវឌ្ឍន៍ប្រទេសជាតិ សេដ្ឋកិច្ចរីកចម្រើនការគោរពសិទ្ធិមនុស្ស ។ លោក ស្តើង សុខុម បន្តថាតម្រូវការដំបូងបំផុតរបស់មនុស្សគឺសិទ្ធិរស់រានមាន ជីវិត បើមិនមានជីវិតទេមិនបាច់និយាយពីសិទ្ធិអ្វីនោះទេ ,បន្ទាប់មកគឺសិទ្ធិទទួលបានការហូបចុកគ្រប់គ្រាន់ ស្លៀកពាក់ សម្បូរសប្បាយ មុខមាត់កិត្តិយសគឺបានកើតឡើង ជាជំហានៗ ។អញ្ចឹងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនគឺឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល ហេតុដូចនេះហើយបានជាពលរដ្ឋនៅ តែគាំទ្រគណបក្ស បោះឆ្នោតជូនគណបក្ស និងឈ្នះឆ្នោតជាបន្តបន្ទាប់ ។

ពីវេទិកានោះដែរលោក ស្តើង សុខុម បានបង្ហាញក្ដីសង្ឃឹមថាថ្នាក់ដឹកនាំនិងសមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ គណៈកម្មាធិការគណ បក្សស្រុក និងបណ្ដាយន្តការគណបក្សផ្សេងទៀតនឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បី ចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៣ ។

នាឱកាសនោះលោកប្រធានក្រុមការងារក៏បានផ្តល់ជាថវិកាឧបត្តម្ភដល់សមាជិកចូលរួមចំនួន ២២៦ និង ឧបត្ថម្ភការរៀបចំកម្មវិធី ដែលគិតជាទឹកប្រាក់ប្រមាណជាង ៥ លានរៀល ។

នៅថ្ងៃដដែលនោះលោក ស្តើង សុខុម ក៏បានអញ្ជើញពិនិត្យមើលការដ្ឋាងសាងសងើអគារសាលាមតេយ្យចំនួនពីរកន្លែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំក្របៅ ស្រុកកំចាយមារខេត្តព្រៃវែង ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋាន។ នៅទីនោះលោកប្រធានក្រុមការងារបានណែនាំឲ្យអ្នកសាងសង់ត្រូវគិតពីគុណភាពសំណង់ និង រៀបចំឲ្យមានសោភ័ណភាព ព្រោះមតេយ្យសាលាគឺជាថ្នាលបណ្តុះ កុមារ ដែលមានអាយុតូចៗ ដូចនេះការទាក់ទាញកុមារឲ្យចូលសិក្សាដំបូងគឺសោភ័ណភាព ទីធ្លារស្អាត មានសួនច្បារ មានឧបករណ៍លេងកំសាន្ត ,បន្ទប់ស្អាតត្រជាក់និងបង្គន់មាន អនាម័យល្អ ៕