(ភ្នំពេញ)៖ ក្មេងស្រីជនជាតិចិនម្នាក់ អាយុទើបតែ២ខួបកន្លះ បានធ្លាក់ពីលើអគារខុនដូរជាន់ទី៧ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅអគារខុនដូរ Borey Sen Sok ស្ថិតតាមបណ្ដោយផ្លូវ៥៩៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មូលហេតុដែលបណ្ដាលឲ្យក្មេងតូចធ្លាក់ពីអគារជាន់ទី៧នេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែជំហ៊ានដំបូងត្រូវបានគេបញ្ជាក់ថា ទំនងធ្លាក់ចេញតាមបង្អួចកញ្ចក់ នៃបន្ទប់ខុនដូរដែលឪពុកម្ដាយរបស់គេ (ជនជាតិចិន) ស្នាក់នៅ។ ក្រោយកើតហេតុ ក្មេងរងគ្រោះត្រូវបានគេបញ្ជូនតាមកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ ហើយបានស្លាប់ពេលបញ្ជូនដល់ពេទ្យ។

នៅកន្លែងកើតហេតុ ក៏ឃើញវត្តមានមន្ដ្រីនគរបាលមូលដ្ឋាន និងមន្ដ្រីនគរបាលជំនាញខណ្ឌសែនសុខ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ តែមិនទាន់អាចបញ្ជាក់ព័ត៌មានឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ដទៀត៕