(រតនគិរី)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងលោក ដេន ចាន់ថន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ជំនួសលោក ឌុច ចាន់តូ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលត្រូវបានទៅបំពេញភារកិច្ចថ្មីជាអភិបាលរងខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្តីរាជការសាលាខេត្ត មន្រ្តីរាជការមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានចាត់ទុកការរៀបចំពិធីប្រកាសចូលកាន់ តំណែងប្រធានមន្ទីរនាពេលនេះ ជាកិច្ចការធម្មតារបស់មន្ត្រីរាជការដែលត្រូវផ្លាស់ប្ដូរមុខតំណែងតួនាទី ភារកិច្ច ទៅតាមការងារចាំបាច់ ឬតម្រូវការចំពោះមុខ ដើម្បីបន្តនិវន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរឱ្យដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យនូវបេសកកម្មរបស់ខ្លួន។
ក្នុងនាមថ្នាក់ដឹកនាំខេត្តលោក ញ៉ែម សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់លំដាប់ថ្នាក់ ដែលបានទទួលសំណើររបស់រដ្ឋបាលខេត្ត ព្រមទាំងបានពិចារណាសម្រេចតែងតាំងលោក ដេន ចាន់ថន ជាប្រធានមន្ទីរដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនេះ គឺជាការបង្ហាញនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ និងគិតគូរគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំក្រសួង ដែលជាការផ្ដល់នូវ តម្លាភាព ជំនឿទុកចិត្ត និងការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់មន្ត្រីថ្នាក់ក្រោមជាតិ នាពេលកន្លងមក។
នាឱកាសនោះ លោកបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាផ្សេងៗ និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើឲ្យខេត្តរតនគិរីទទួលបានការរីកចំរើនគួរជាទីមោទន។
លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ដែលកន្លងមកបានអនុវត្តការងារស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តរតនគិរី ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោល នយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ២០១៧-២០២៥។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការកន្លងមក ដែលបានធ្វើការសហការយ៉ាងសិ្អតរមួតរួមគ្នា អនុវត្តប្រកបដោយជោគជ័យ យុទ្ធសាស្ត្រចតុកោណគោលនយោបាយនានា ដូចជាគោនយោបាយជាតិស្តីពី មុខរបរ និងការងារ គោល នយោបាយជាតិស្តីពីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ បន្ថែមពីនេះ ការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញត្តិច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យការងារផងដែរ។
លោកបណ្ឌិត អ៉ិត សំហេង បានស្នើប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តប្រគល់ជូន។ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។ជាពិសេសចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ៕