(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងសនិ្នបាតបូកសរុបការងារគណបក្សស្រុកជើងព្រៃ ឆ្នាំ២០២២ លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះ ក៏មានការចូលរួមពី ប្រធាន អនុប្រធាន បក្សស្រុក សមាជិក សមាជិកាសរុប៤០០នាក់ នៅស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវចងចាំគោលការណ៍របស់បក្សប្រជាជនកម្ពុជាទាំងថ្នាក់លើ និងថ្នាក់មូលដ្ឋាន បម្រើការងារ បក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដល់ពួកគាត់ឲ្យបានល្អ ដោយផ្អែកតាមសេចក្តីសម្រេចគោលនយោបាយគណបក្សនៃមហាសន្និបាតបក្ស កាន់តែល្អប្រសើរ។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ ដែលបានខិតខំធ្វើការងារបក្ស និងផ្សព្វផ្សាយគោលនយោបាយបក្ស ធ្វើឲ្យពលរដ្ឋនៅតែគាំទ្របក្ស បានឈ្នះឆ្នោតបន្តទៀត ដើម្បីធ្វើឲ្យថ្នាក់ដឹកបក្សថ្នាក់កំពូលដែលមានសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី និងមានឱកាសដឹកនាំកសាងប្រទេសជាតិ កាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិផងដែរ៕