(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានស្រុកបានចេញនូវយុទ្ធនាការថ្នល់រលោង គ្មានគ្រលុក នៅទូទាំងស្រុកឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។

ការបញ្ជាក់បែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវនៅតាមបណ្តាឃុំចំនួន៤ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៃស្រុកអូររាំងឪ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិយើងនឹងឈានមកដល់នៅពេលខាងមុខនេះ អ៊ឹចឹងក្រុមការងារបានដាក់យុទ្ធនាការផ្លូវរលោង និងយុទ្ធនាការផ្កា១លានគុម្ព ដើម្បីចាំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នូវសិរីសួស្តី ជ័យមង្គលជូនដល់ប្រជាជនទាំងអស់នៅស្រុកអូររាំងឪ របស់យើង»

លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការផ្លូវរលោង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅវត្តដោយរលូន ជាពិសេសអាចបញ្ចៀសកុំឱ្យប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវទាំងនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារផ្លូវគ្រលុក ជាដើម។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា គិតមកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានរយៈពេល១១ថ្ងៃនៃយុទ្ធនាការផ្លូវរលោងនេះ គឺក្រុមការងារបានសម្រេចផែនការបាន៥០ភាគរយ ដែលមានប្រវែងប្រវែងប្រហែល២០គីឡូម៉ែត្រ។ ដូច្នេះ ទម្រាំមកដល់ចុងខែមីនា ក្រុមការងារនឹងបញ្ចប់យុទ្ធនាការនេះដើម្បីផ្តល់ក្តីសុខសប្បាយជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកបានបង្ហាញក្តីសង្ឃឹមថា យុទ្ធនាការផ្លូវរលោងនេះនឹងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងស្រុកអូររាំងឪ ដែលធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយគ្មានឧបស្គដោយសារតែផ្លូវគ្រលុក។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្រាប់អបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ, ក្នុងនាមលោកជានប្រធានក្រុមការងារបានឧបត្ថម្ភថវិកា សម្រាប់រៀបចំសង្ក្រាន្តដល់វិទ្យាល័យចំនួន៣ ព្រមទាំងរៀបចំធ្វើសង្រាន្តនៅតំបន់ទន្លេស្ងួត ដោយលម្អរដោយផ្កាស្បៃរឿង ១លានគុម្ពផងដែរ។

ជាមួយនឹងផែនការយុទ្ធសាស្ត្រថ្នល់រលោងគ្មានគ្រលុក របស់លោក អ៊ាង សុផល្លែត ប្រជាពលរដ្ឋរស់នៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលមូលដ្ឋានឃុំព្រះធាតុ ជាពិសេសនៅក្នុងស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងជួយដោះស្រាយការលំបាក និងពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។

សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានឃុំចំនួន៧ និងមានភូមិចំនួន ១៤២ភូមិ ព្រមទាំងមានតំបន់ទេសចរណ៍ប្រវ​ត្តិសាស្ត្រ និងធម្មជាតិមួយចំនួនដែលផ្តល់ជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកចូលមកទស្សនាកម្សាន្តនាឱកាសបុណ្យទានផ្សេងៗជាដើម៕