(ភ្នំពេញ)៖ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នឹងបំពាក់គ្រឿងឥស្សរិយយសដល់ ប្រធានក្រុមហ៊ុនឯកជនធំៗរបស់កម្ពុជាមួយចំនួន ដែលបានបរិច្ចាគថវិកាជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
ការបំពាក់គ្រឿងឥស្សរិយយសនេះ នឹងធ្វើឡើងបន្ទាប់ពីជំនួបទ្វេភាគីរវាង នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ នារសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អំឡុងពេលដែល សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃ។
ក្នុងបទសម្ភាសជាមួយ Fresh News មុនឡើងយន្តហោះដើម្បីអមដំណើរសម្តេចតេជោ ហ៊ុន សែន, លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយសមភាគីគឺ លោកនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។
លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើសន្និសីទកាសែតរួមស្តីពីលទ្ធផលនៃកិច្ចពិភាក្សាគ្នា ហើយនាយករដ្ឋមន្ត្រីឡាវ នឹងបំពាក់គ្រឿងឥស្សរិយយសដល់ ប្រធានក្រុមហ៊ុនឯកជនធំៗមួយចំនួន ដែលកន្លងទៅបានបរិច្ចាគថវិការបស់ខ្លួនជួយដល់ប្រទេសឡាវ ពេលនាយករដ្ឋមន្ត្រីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០២១។
កាលពីខែកញ្ញា ឆ្នាំ២០២១ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ដែលពេលនោះជា នាយករដ្ឋមន្រ្តីឡាវ បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែល ដែលប្រទេសឡាវ ចាប់ផ្តើមប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងឡើង។
បន្ថែមលើការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់២០ម៉ឺនដូសដល់រដ្ឋាភិបាល និងប្រជាជនឡាវ ហើយដោយបង្ហាញការគាំទ្រគ្នាទៅវិញទៅមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលនោះ បានអំពាវនាវដល់សប្បុរសជនកម្ពុជា ឱ្យជួយបរិច្ចាគថវិកាដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសនេះ។
តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានអ្នកឧកញ៉ា មហាសេដ្ឋីកម្ពុជា ជាច្រើននាក់បានចូលរួមបរិច្ចាកថវិកាបន្តបន្ទាប់៕