(ភ្នំពេញ)៖ ប្រធានរដ្ឋឡាវ លោក ថងលួន ស៊ីសូលីត នឹងផ្តល់មេដាយថ្នាក់ខ្ពស់បំផុតមួយគឺមេដាយ ផូសៃឡានសាង (ឬពរជ័យឡានសាង) ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចូលរួមចំណែកកសាងទំនាក់ទំនងល្អជាមួយឡាវ។

ការផ្តល់មេដាយថ្នាក់ខ្ពស់នេះ នឹងធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ចូលជួបសម្តែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេល២ថ្ងៃនេះ គឺថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសជាមួយ Fresh News មុនឡើងយន្តហោះដើម្បីអមដំណើរសម្តេចតេជោ ហ៊ុន សែន, លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយពេលបញ្ចប់ជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ ហើយពេលនោះ សម្តេចនឹងទទួលបានការបំពាក់មេដាយ ថ្នាក់ខ្ពស់បំផុតនៅប្រទេសឡាវ គឺមេដាយផូសៃឡានសាង (ពរជ័យឡានសាង)។

លោកបានបញ្ជាក់បន្ថែមថា មេដាយថ្នាក់ខ្ពស់នេះ គឺជាមេដាយសម្រាប់ថ្វាយព្រះមហាក្សត្រ ឬជូនឥស្សរជនថ្នាក់ដឹកនាំប្រទេសជាមិត្ត ដែលបានរួមចំណែកកសាងទំនាក់ទំនងល្អជាមួយឡាវ ដែលនេះជាកិត្តិយសមួយទៀតរបស់ សម្តេចតេជោ ដែលបានកសាងសុខដុមរមនាជាមួយប្រទេសឡាវ ក្នុងនាមជាប្រទេសជិតខាងគ្នា។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោលើកនេះ រដ្ឋាភិបាលកម្ពុជា-ឡាវ ក៏ចុះហត្ថលេខាលើឯកសារចំនួន២ ក្នុងនោះមាន «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» និង«សន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ» ផងដែរ៕