(ភ្នំពេញ)៖ វិដេអូឃ្លីបដែលមានរយៈពេលប្រមាណ១នាទី៣៦វិនាទី បានបង្ហាញពីឧត្តមសេនីយ៍មួយ បានទូរស័ព្ទអន្តរាគមន៍ទៅស្នងការរងក្រុងមួយរូប ក្រោយពីនគរបាលចរាចរណ៍ ចាប់ផាកពិន័យនៅតាមដងផ្លូវសាធារណៈ។ (សូមមើលវិដេអូឃ្លីបនៅខាងក្រោម)៖

សម្តេចតេជោ ហ៊ុន សែន បានព្រមានដកឋានៈ និងឋានន្តរសក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ពាក់ព័ន្ធនឹងរឿងដកបញ្ឈរជើង មន្រ្តីនគរបាលចរាចរណ៍ ដែលផាកពិន័យចំឡានរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រមាននៅលើ Facebook យ៉ាងដូច្នេះថា៖

«ប្រសិននេះជារឿងពិត ខ្ញុំនឹងប្រើប្រាស់អំណាចខ្ញុំជានាយករដ្ឋមន្ត្រី ដើម្បីដកឋានះ និងស្នើរសុំព្រះមហាក្សត្រដកឋានន្តរសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិតែម្តង។ ពេលនេះស្ថិតក្នុងដំណាក់ការស្រាវជ្រាវនៅឡើយ»។

ការចេញសារព្រមានដកឧត្តមសេនីយ៍​ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់​ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោ​ ស​ ខេង​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ ដោយសារតែអង្គភាពរបស់ខ្លួ​នដកបញ្ឈជើង​ ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិន គោរពភ្លើងសញ្ញា​ ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ​ សុវណ្ណ​ រីហ្គេន​ ដែលបានបង្ហោះនៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៦នេះ។

សូមមើលវិដេអូខាងក្រោម៖