(កណ្ដាល)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាអ្នកសង្គ្រោះប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ហើយនៅជាមួយប្រជាពលរដ្ឋ និងធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ។

ការថ្លែងរបស់លោក ណុប រ័ត្ននិមល ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រោមប្រធានបទ ការតម្រង់ទិស ដើម្បីភាពជោគជ័យនៃជីវិត។

របាយការណ៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះនៅទូទាំងស្រុក មានសាលារៀនគ្រប់កម្រិត ចំនួន៩៦កន្លែង ស្មើ៥៩៤ថ្នាក់, ដែលមានអគារសិក្សា សរុប១,៥៧០ខ្នង ក្នុងនោះសាលាមត្តេយ្យ ១៩កន្លែង, សាលាបឋមសិក្សា ៣២កន្លែង, អនុវិទ្យាល័យ ១៦កន្លែង វិទ្យាល័យ៣កន្លែង។ អគារសិក្សារបស់សម្តេចតេជោ ហ៊ុន សែន មាន៤០ខ្នង ស្មើ២១០បន្ទប់ និងមានសិស្សសរុប២៣,៦៥២នាក់ ស្រី១១,៩៨១នាក់ គ្រូសរុប៩៩២នាក់ ស្រី៥៨៤នាក់។

ក្នុងឱកាសនោះ ក៏មានការផ្តល់ឱវាទអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា (គុណមាតាបិតា) និមន្តដោយព្រះសង្ឃ ៣ព្រះអង្គ ការចូលរួមផ្តល់បទពិសោធន៍ និងវិធីសាស្ត្រប្រឡងឲ្យទទួលបាននិទ្ទេសល្អរបស់សិស្សនិទ្ទេស A ទូទាំងប្រទេស ពីសំណាក់វាគ្មិន និងពិសិស្សនិទ្ទេស A ចំនួន៤រូប នៅស្រុកកណ្តាលស្ទឹង ដែលបានប្រឡងជាប់ឆ្នាំសិក្សា២០២២។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សជាបញ្ហាចម្បង សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងយុទ្ធសាសស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអណត្តិទី៦ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងនោះជ្រុងទីមួយនៃចតុកោណបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស មានមុំទី១ បានចែងពីការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មុំទី២ ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានកែទម្រង់វិស័យអប់រំ សិស្សចេះប្រឡងជាប់ សិស្សមិនចេះប្រឡងធ្លាក់ ដើម្បីគុណភាពអប់រំ ការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់អាស៊ាននិងពិភពលោក។ លោកបានបញ្ជាក់ថា សិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី នៃប្រទេសជាតិ និងជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៅមុខទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងនាមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង, លោក ណុប រ័ត្ននិមល ក៏បានក្រើនរំលឹកដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវខិតខំសិក្សារៀនសូត្រឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីប្រកបដោយថាមពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជៀសឲ្យឆ្ងាយពីគ្រឿងញៀន យកពេលទំនេរលេងកីឡាដើម្បីសុខភាព និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋសិស្សានុសិស្សទាំងអស់ បន្តការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាសព្វថ្ងៃនេះ ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងសង្គមជាតិ៕