(ប៉េកាំង)៖ យោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយមុននេះបន្តិចថា តុលាការ PCA (Permanent Court of Arbitration) ឬ តុលាការមជ្ឈត្តកម្ម នៃតុលាការអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះថា ខ្លួននឹងចេញសេចក្តីសម្រេចមួយ ដើម្បីអះអាងថា តើនឹងមានការអនុញ្ញាតឲ្យប្រើប្រាស់អាជ្ញាកណ្តាលឬក៏អត់ តបតាមការទាមទាររបស់ប្រទេសហ្វីលីពីន ជាឯកតោភាគីក្នុងការ ដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។
សេចក្តីសម្រេចខាងលើនេះ នឹងត្រូវបញ្ជូនតាមរយៈសារអេឡិចត្រូនិកទៅកាន់ភាគីពាក់ព័ន្ធ ដែលក្នុងនោះរួមមាន ហ្វីលីពីន និង ចិន។ សម្រាប់ប្រទេសចិនវិញ គ្រាន់តែបានទទួលព័ត៌មាននេះ ភ្លាមខ្លួនបានចេញមុខបដិសេធថា នឹងមិនទទួលស្គាល់សាលក្រមនោះឡើយ ហើយតុលាការនេះគ្មាន យុត្តាធិការអ្វីទៅលើករណី សមុទ្រចិនខាងត្បូង ដែលពាក់ព័ន្ធនឹងដែនអធិបតេយ្យ និងសិទ្ធិក្នុងការធ្វើ នាវាចររបស់ប្រទេសចិននោះឡើយ៕