(ភ្នំពេញ)៖ កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៦ នៅស្រុកខូង ខេត្តចំាប៉ាសាក់ ប្រទេសឡាវ ដោយភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៏ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និងខាងភាគីឡាវ ដឹកនាំដោយឧត្តមសេនីយ៏ត្រី ស៊ីផាន់ ភុតថាក់វង្ស នាយក នាយកដ្ឋានកងទ័ពព្រំដែនឡាវ។
តាមកំណត់ហេតុនៃកិច្ចប្រជុំបានឲ្យដឹងថា ការប្រជុំពិភាក្សាលើកនេះ គឺធ្វើឡើងដើម្បីឆ្លើយតបតាមសំណើររបស់ភាគីកម្ពុជា និងស្របតាមខ្លឹមសារនៃកិច្ចប្រជុំលើកទី១ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃទី២៧-៣០ ខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ នៅខេត្តចាំប៉ាសាក់ ប្រទេសឡាវ ក្នុងការរួមគ្នាចុះត្រួតពិនិត្យភូមិសាស្រ្តតំបន់ព្រំដែនរវាងស្រុកខូង ខាងទឹកដីឡាវ ជាមួយនឹងស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង ខាងទឹកដីកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំង២ បានផ្តោតជាសំខាន់ទៅលើការកំណត់ទីតាំង សម្រាប់ទំនាក់ទំនងគ្នា ពេលមានសភាពការណ៍នានាកើតឡើង ក្នុងក្របខ័ណ្ឌគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀប រយៈតាមបណ្តោយព្រំដែនប្រទេសទាំង២ ដោយភាគីកម្ពុជា កំណត់យកការិយាល័យទំនាក់ទំនង នៅទីរួមខេត្តស្ទឹងត្រែង និងភាគីឡាវកំណត់យកការិយាល័យទំនាក់ទំនងនៅទីបញ្ជាការយោធា ខេត្តចាំប៉ាសាក់។
ដោយឡែកលើបញ្ហាកសាងផ្លូវរបស់ភាគីឡាវ ចាប់ពីបង្គោលលេខ០៥៥ដល់ បង្គោលលេខ០៥៦ និងភាគីកម្ពុជាចាប់ពីបង្គោល០៣៤ ដល់បង្គោលលេខ០៦០ ភាគីទាំង២យល់ឃើញថា មិនអាចចុះទៅត្រួតពិនិត្យបានទេ ក្នុងពេលនេះ ដោយសារអាកាសធាតុមិនអំណោយផល ហើយរង់ចាំឲ្យគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរៀបរយ តាមបណ្តោយព្រំដែនប្រទេសទាំង២ នឹងធ្វើការចុះត្រួតពិនិត្យរួមគ្នា នារដូវប្រាំងដើមឆ្នាំ២០១៧។
ជាមួយនឹងលទ្ធផលដែលទទួលបានពេលនេះ ភាគីទាំង២ បាន សម្តែងនូវក្តីសោមនស្សរីករាយ ហើយបានចាត់ទុកថា នេះគឺបង្ហាញនូវទស្សនៈ ការស្មោះត្រង់ ការជឿជាក់គ្នារវាងកងទ័ពកម្ពុជា-ឡាវ និយាយជារួម និងនិយាយដោយឡែករបស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែន ប្រទេសទាំង២ ក្នុងបំណងប្រាថ្នាធ្វើឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕