លោក គីម ជុងអ៊ុន ទទួលគោរមងារជា «សមមិត្ត គីម ជុងអ៊ុន ជាទីស្រឡាញ់និងគោរពបំផុត» ពីអង្គសភា
29-06-2016 22:26
(សេអ៊ូល)៖ គណកម្មាធិការជាតិថ្មី ដែលរដ្ឋសភារបស់កូរ៉េខាងជើងទើបតែបានបង្កើតឡើងនោះ មិនទាន់ត្រូវបានរដ្ឋនេះបញ្ជាក់ពីគោលដៅ ថានឹងត្រូវធ្វើអ្វីនៅឡើយទេ ប៉ុន្តែមេដឹកនាំកំពូល គីម ជុងអ៊ុន ត្រូវបានអង្គសភាទាំងមូល គាំទ្រឲ្យធ្វើជាប្រធានគណកម្មាធិការនេះជាស្រេច ព្រមទាំងបានផ្តល់គោរមងារជា «សមមិត្ត គីម ជុងអ៊ុន ជាទីស្រឡាញ់និងគោរពបំផុត» ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាយប់ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា គោរមងារថ្មីដែលលោក គីម ជុងអ៊ុន ទើបតែបានទទួលនេះ ក៏ដោយសារតែរដ្ឋសភា កូរ៉េខាងជើងបានស្វែងយល់ពីការដឹកនាំស្ថាប័នជាច្រើន អំឡុងពេលដែលមេដឹកនាំជំនាន់ទីបីនេះ នៅមានវ័យក្មេងនៅឡើយ ដូចជាតំណែងប្រធាននៃគណបក្សពលករកូរ៉េ, ប្រធានទីមួយ នៃគណកម្មការការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និង ជាអគ្គមេបញ្ជាការ នៃកងទ័ពប្រជាជនកូរ៉េ។
យ៉ាងណាក៏ដោយ គ្រប់គ្នាកំពុងរង់ចាំមើលថាតើគណកម្មាធិការជាតិ ដែលទើបតែបង្កើតថ្មី និងមាន លោក គីម ជុងអ៊ុន ជាប្រធានទៅហើយនោះ មានតួនាទីការងារអ្វីខ្លះ?