(ភ្នំពេញ)៖​ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនថ្មីប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទាំងកម្ពុជា​ និងជប៉ុន បានធូរស្រាលពីបញ្ហាកូវីដ-១៩​ ហើយព្រំដែនប្រទេសទាំងពីរបានបើកចំហរ។

បន្ថែមពីនេះលោក​ អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ក៏បានកោតសរសើរចំពោះពលីកម្ម​ និងការចូលរួមរំដោះនិងកសាងប្រទេសកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតាំងពីដើមរហូតមក។ លោកឯកអគ្គរាជទូត ក៏បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ និងមហាសន្និបាតអន្តរសភាអាស៊ាន នាពេលថ្មីៗនេះ។ លោកបានគូសបញ្ជាក់ថា​ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។

ក្នុងនាមរដ្ឋសភា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍ និងអបអរសាទរលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍បានដូចសព្វថ្ងៃ។ ប្រការនេះធ្វើឱ្យជប៉ុន ក្លាយជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលរបស់កម្ពុជា។ សម្តេចបានស្នើដល់ភាគីជប៉ុនបន្តជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានរបស់កម្ពុជាបន្ថែមទៀត ដែលការបណ្តុះបណ្តាលនោះ ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ លោក​ អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តា ក្រសួង មន្ទីរ និងស្ថាប័នខេត្ត-ក្រុងនានា របស់កម្ពុជា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្តជួយសម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការ នៅជប៉ុនឱ្យបានកាន់តែច្រើនថែមទៀត។ រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយដើម្បីឱ្យបេសកកម្មការទូតរបស់លោក​ អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី
ទទួលបានជោគជ័យ៕