(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនយោបាយក្នុងស្រទាប់យុវជន បានលើកឡើងថា សារព័ត៌មាន VoD គឺជាអង្គភាពព័ត៌មានមួយ ដែលខ្វះវិជ្ជាជីវៈ មិនមែនជាខ្មែរ តាំងខ្លួនដូចវិទ្យុបរទេសដែលប្រឆាំងខ្មែរ ដោយតែងតែនិយាយអាក្រក់អំពីខ្មែរ ជាភាសារខ្មែរផង និងអង់គ្លេសផង ដើម្បីហុចដៃឲ្យបណ្តាញព័ត៌មានអមិត្តកម្ពុជា និងក្រុមសម្ព័ន្ធដែលប្រឆាំងកម្ពុជានៅក្រៅប្រទេស យកទៅបំភាន់បន្ថែមទៀត ក្នុងគោលបំណងបំផ្លាញកម្ពុជា។
សារនយោបាយរបស់ លោក ហេង សួរ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចលុបអាជ្ញាបណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីវិទ្យុនេះបានចេញផ្សាយអត្ថបទមួយ ដែលមានលក្ខណៈវាយប្រហារ និងបំភ្លៃអំពីការផ្តល់ជំនួយដល់ប្រទេសតួកគី។
«អង្គភាពនេះមិនដែលបង្រៀនបុគ្គលិករបស់ខ្លួនឲ្យចេះច្បិចយកជ្រុងវិជ្ជមាននៃកម្ពុជា ហើយមិនដែលប្រើបណ្តាញរបស់ខ្លួននៅបរទេស ដើម្បីជួយទាញអ្នកវិនិយោគ ឬអ្នកទេសចរឲ្យមកវិនិយោគ ឬមកធ្វើទេសចរណ៍នៅខ្មែរកាន់តែច្រើននោះទេ? អង្គភាពនេះមិនដែលលើកទឹកចិត្តប្រជាជន និងយុវជនខ្មែរឲ្យចេះស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់ស្ថិរភាពសង្គម និងចូលរួមកាន់តែសកម្មក្នុងការងារ ឬការសិក្សារៀនសូត្រនោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់ លោក ហេង សួរ។
ជាមួយគ្នានេះ លោក ហេង សួរ បានប្រកាសគាំទ្រការលុបអាជ្ញាបណ្ណវិទ្យុ VoD នេះ។ លោកចាត់ទុកថា ការលុបអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) គឺជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីលប់បំបាត់ចោលប្រភពផ្សព្វផ្សាយពត៌មាន ដែលមិនច្បាស់លាស់ ក្លែងក្លាយ បំពានលើសិទ្ធិអ្នកដទៃ បំភ្លៃការពិត ហុចដងកាំបិតឲ្យបរទេស យកលេសមកបំផ្លាញកម្ពុជា ដែលជាមាតុមិរបស់ខ្មែរ ១៧លាននាក់។
លោកបានបន្ថែមថា៖ «ជារឿយៗ យើងសង្កេតឃើញថា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលទទួលថវិកាពីបរទេស ហើយតាំងខ្លួនថាឯករាជ្យ (ពាក្យថា ឯករាជ អាចជាពាក្យកាត់ថា ខ្ញុំយកលុយបរទេស ហើយបម្រើមហិច្ឆិតាបរទេស ដែលមិនចង់ឲ្យខ្មែររីកចំរើនតាមទាន់ប្រទេសជិតខាងកម្ពុជាឬ?) តែងតែប្រើវិធីសាស្ត្របង្កងកែវយឺត យករឿងតូចឆ្កឹះទៅជាធំ រឿងច្បាស់ទៅជារឿងបន្លំ ក្នុងគោលបំណងបំភាន់អ្នកស្តាប់ អ្នកអានឲ្យផុងងប់ងល់ មើលឃើញតែរឿងអវិជ្ជមាន គិតបែបអវិជ្ជមានចំពោះជាតិឯង ជាពិសេសឲ្យបរទេសមួយចំនួនខ្ចីដៃយកអត្ថបទបែបអវិជ្ជមានទាំងនោះ យកទៅចុះផ្សាយបន្ត ដើម្បីបន្ខូចកេរ្តិ៍ឈ្មោះខ្មែរ ឲ្យអ្នកវិនិយោគខ្លះយល់ច្រឡំមិនមកខ្មែរ ទៅវិនិយោគប្រទេសដទៃ ធ្វើឲ្យខ្មែរបាត់ឱកាសរីកចំរើនតាមទាន់ប្រទេសជិតខាង និងតំបន់»។
លោកបានចោទជាសំណួរថា តើយើងមានដែលឮថាប្រទេសជិតខាងយើងមានកម្មវិធីផ្សាយសម្លេងណាមួយ ដែលតែងតែបំភាន់និយាយអាក្រក់ពីស្រុកខ្លួនឯង ជាពិសេសកិច្ចការដែលពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ សន្តិសុខជាតិ និងភាពប្រកួតប្រជែងប្រទេសខ្លួនឯងឬទេ?៕