(បន្ទាយមានជ័យ)៖ រថយន្តកាមរីឆ្លាមមួយគ្រឿង បានបុកម៉ូតូមន្ត្រីយោធា បណ្តាលឲ្យស្លាប់ ដាច់ពោះចេញពោះវៀនមកក្រៅ គួរឲ្យអាសូរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តាលផ្លូវជាតិលេខ៥ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
កម្លាំងនគរបាលចរាចរណ៍ បានឲ្យភ្នាក់ងារ Fresh News ដឹងនៅកន្លែងកើតហេតុថា រថយន្តកាមរីឆ្លាម ស្លាកលេខភ្នំពេញ 2K-4752 ពណ៌ទឹកមាស បានទៅបុកម៉ូតូមន្ត្រីយោធា ច្រាសទិសគ្នា ម៉ាក Honda Dream C125 ឆ្នាំ២០០៣ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1C-9438 ប៉ើងមនុស្ស ចំងាយពីរថយន្ត និងម៉ូតូរងគ្រោះ ប្រមាណជា៥០ម៉ែត្រ ។
សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណសាកសពមន្រ្តីយោធានៅឡើយនោះទេ ខណៈម្ចាស់រថយន្តបង្ករត់ គេចបាត់ស្រមោលតែម្តង គ្មានបង្សល់អ្វី នៅក្នុងរថយន្តនោះឡើយ។
មកដល់ពេលនេះ សមត្ថកិច្ចជំនាញបានស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅស្នងការខេត្ត ស្រាវជ្រាវរកម្ចាស់រថយន្តបង្ក មកចាត់ការតាមនិតិវិធីច្បាប់ ចំណែកសាកសពរងគ្រោះយកទៅរក្សាទុកនៅវត្តអារាម រង់ចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕