(តាកែវ)៖ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានគូសរំលេចថា «សមាជិក សមាជិកាគណបក្សស្រុកគិរីវង់ទាំងអស់ ត្រូវរួបរួមគ្នាបេ្តជ្ញាខិតខំអនុវត្តតាមយុទ្ធសាស្ត្រដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសបានដាក់ចេញគឺ «ខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧» ដើម្បីធានាតួនាទីដឹកនាំដ៏រឹងមាំរបស់គណបក្ស និងបន្តអនុវត្តយុទ្ធសាស្ត្រ «ផ្អែកលើអំពើល្អ របស់មន្ត្រីគណបក្ស គុណភាព និងបរិមាណរបស់សមាជិកបក្ស ដើម្បីឈ្នះ»។

ការលើកឡើងបែបនេះរបស់លោក សុខ សូកាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីប្រជុំផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ ខេត្តតាកែវ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីសំណាក់ ឯកឧត្តមសហប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់, សហប្រធានកិត្តិយស ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២នៃស្រុកគិរីវង់, ក្រុមការងារគណបក្សខេត្ត, គណៈកម្មាធិការគណ បក្សស្រុកគិរីវង់, សាខាបក្សសាលាស្រុកគិរីវង់, សាខាបក្សសុខាភិបាលស្រុក, សាខាបក្សវិទ្យាល័យទាំង៤, និងប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១២, សរុបអ្នកចូលរួមទាំងអស់ប្រមាណ ៣២០រូប។

ថ្លែងក្នុងពិធីនេះ លោក សុខ សូកាន ក៏បានលើកឡើងពីចំណុចសំខាន់ៗនៃប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ និងទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ព្រមទាំងអនុសាសន៍ណែនាំសំខាន់ៗរបស់លោកកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដើម្បីជូនអង្គប្រជុំបានជ្រាប និងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការត្រៀមខ្លួនរួចជាស្រេចឆ្ពោះទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ។

បន្ថែមពីលើនេះ ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ លោក សុខ សូកាន បានដាក់ចេញនូវទិសដៅការងារមួយចំនួនដើម្បីសម្រេចតាមគោលដៅដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបានដាក់ចេញ ក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបាននូវជ័យជម្នះ និងបន្តរក្សានូវកិត្យានុភាពស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក្នុងការដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ។

ទិសដៅការងារសំខាន់ៗ ត្រូវបានផ្ដោតទៅលើ៖ ការបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់បណ្ដាគោលនយោបាយនិងកម្មវិធីអភិវឌ្ឍន៍នានាដែលបានដាក់ចេញដោយរាជ រដ្ឋាភិបាល និងគណបក្ស, ការពង្រឹងការចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយរាល់សំណូម ពរ របស់ប្រជាពលរដ្ឋ, ការពង្រឹងការបំពេញការងាររបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាជន, ការបង្កើនការយកចិត្តទុកដាក់លើការងារបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីជាយន្តការទទួលបាន ព័ត៌មានឆាប់រហ័សពីប្រជាពលរដ្ឋ, ការគោរពតាមច្បាប់ គោលការណ៍ណែនាំ បទបញ្ជា នីតិវិធី និងកាលវិភាគ នៃការបោះឆ្នោតរបស់ គ.ជ.ប. ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌, និងពិសេសការពង្រឹងនិងការពង្រីកសាមគ្គីភាព រចនាសម្ព័ន្ធ ការគោរពវិន័យ និងរក្សាជំហតែមួយស្រុះ ដៃគ្នាបន្តធ្វើតែអំពើល្អដើម្បីអភិវឌ្ឍមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជនស្រុកគិរីវង់ឱ្យរឹតតែល្អប្រសើរ៕