(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមគាំទ្រចំពោះសារព័ត៌មានភាគច្រើនដែលមានវិជ្ជាជីវៈត្រឹមត្រូវ ប៉ុន្តែមិនគាំទ្រចំពោះសារព័ត៌មានដែលនិយាយ មិនទទួលខុសត្រូវនោះទេ ជាពិសេសមិនគាំទ្រសារព័ត៌មានដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចជ្រកក្រោម ផ្លាកសារព័ត៌មានក្នុងគោលបំណងញុះញង់បង្កការបែកបាក់ឯកភាពជាតិ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់នៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា «ឱកាសមានហើយ សម្រាប់ការធ្វើលិខិតសុំទោសតែបែរជា VOD មិនស្គាល់កំហុសខ្លួនឯង ឱកាសមិនអាចមានច្រើនដងទេ ការផ្សាយព័ត៌មានមិនពិត មិនមែនជារឿង តូចតាចទេ។ ខ្ញុំបាទក្នុងនាមជាយុវជនមួយរូប សូមគាំទ្រទាំងស្រុងនៅចំណាត់ការនេះ ព្រោះបើបន្តឲ្យសារព័ត៌មានចេះតែចុះបំភ្លៃការពិត គឺអាចប៉ះពាល់ទៅដល់ភាពត្រឹមត្រូវ និងភាពស្អាតស្អំ របស់ឯកឧត្តមបណ្ឌិត។ លោកប្រឹងប្រែងណាស់សព្វថ្ងៃ ក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិ។
ខ្ញុំជាយុវជនជំនាន់ក្រោយសូមសន្យាថា នឹងតបតប្រឆាំងដាច់ខាតចំពោះជនអគតិណា មានចេតនាមិនល្អដែលបានវាយប្រហារខុសកាពិតដល់លោក ដល់ទីបំផុត ទោះតម្លៃណាក៏ដោយ។ ព្រោះលោកជាសសរទ្រូងសំខាន់បំផុតសំរាប់អនាគតប្រទេសជាតិប្រជាជន។ ដើម្បីរក្សាបាននូវស្ថេរភាពសន្តិភាព គឺដាច់ខាតមិនអាចបណ្ដោយឲ្យ សារព័ត៌មានជ្រុលនិយម បន្តវាយប្រហារ និងចោទប្រកាន់មួលបង្កាច់ដាច់ខាត»។
សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ៕