(បាត់ដំបង)៖ លោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សស្រុកបាណន់និង ជាប្រធានក្រុមការងារគណបក្សឃុំសំពៅនាល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងធ្វើពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗនៃរបាយការណ៍មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់ជនបង្គោលសមាជិកបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
បន្ទាប់ពីប្រធានគណបក្សឃុំបានឡើងអានរបាយការណ៍ស្តីពីភាពរីកចម្រើននិងវឌ្ឍនាការនៃសមិទ្ធផលនានា លើគ្រប់វិស័យក្នុងមូលដ្ឋាន ព្រមទាំងសកម្មភាពការងារបក្សក្នុងនីតិកាលទី៦ចាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣កន្លងមក។
លោក ម៉ៅ សាមី អនុប្រធានក្រុមការងារគណបក្សក្រុមការងារគណបក្សឃុំសំពៅ បានឡើងអានលិខិតផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗនៃរបាយការណ៍មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយ:ពេល២ថ្ងៃកន្លងមក។
លោក ម៉ៅ សាមី បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយ ផលប្រយោជន៍របស់ប្រជាជនកន្លងមកនិងតទៅអនាគតត្រូវអនុវត្តជាប្រចាំក្នុងមូលដ្ឋានមានដូចខាងក្រោម៖
*ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។
*ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍-ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
*បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, បែងចែក និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។
*បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាម កញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នក ដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាព ថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។
*លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព,បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវ គមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និងការលើកកម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធធារាសាស្ត្រ កាន់តែប្រសើរឡើង និងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។
*បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និងដំឡើងប្រាក់សោធន- និវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត, បន្តអនុវត្តគោលការណ៍មិនយកពន្ធលើប្រាក់បៀវត្សអប្បបរមារបស់មន្ត្រី រាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត, លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍ កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ។
*លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ បន្តផ្តល់សេវាថែទាំសុខភាពបឋមនៅមណ្ឌលសុខភាព និងសេវាបង្ការ ធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំ និងស្តារនីតិសម្បទានៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយមិនបង់ថ្លៃជូនប្រជាជនក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីមូលនិធិសមធម៌សុខាភិបាល, ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្របណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។
*ពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍តាមច្បាប់ជាធរមាន លើកកម្ពស់ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ការលួចជ្រៀតចូល ការស្នាក់នៅ និងការធ្វើសកម្មភាពខុសច្បាប់របស់ជនបរទេសដែលបានចូលមកកម្ពុជា។
លោក ហែម ថេង បានបញ្ជាក់បន្ថែម ពីសេចក្តីសម្រេចមហាសន្និបាតគណបក្សប្រជាជនកម្ពុជាថ្មីៗនេះ និងបានលើកឡើងថា ក្នុងការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្រ្តនីតិកាលទី៧នេះ គឺគ្មានបក្ស គ្មានវត្តមាន និងគ្មានមុខ សម រង្សី និង កឹម សុខា ជាបេក្ខជនឈរឈ្មោះបោះឆ្នោតនៅអណត្តិក្រោយនេះឡើយ។ ហើយក្រុមបក្សប្រឆាំងក្នុងស្រុក ថ្នាក់ដឹកនាំ និង សមាជិកបក្សប្រឆាំងកំពុងមានការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង មិនអាចមានឱកាសចូលរួមបោះឆ្នោតខាងមុខនេះ
បានឈ្នះសម្លេងឆ្នោតជាដាច់ខាត។
ប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់ជនបង្គោលឃុំទាំងអស់ថា យើងត្រូវចងចាំគោលការណ៍របស់បក្សប្រជាជនកម្ពុជាទាំងថ្នាក់លើ និងថ្នាក់មូលដ្ឋាន បម្រើការងារ បក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដល់ពួកគាត់ឲ្យបានល្អ ដោយផ្អែកតាមសេចក្តីសម្រេចគោលនយោបាយគណបក្សនៃមហាសន្និបាតបក្ស កាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានបានរំលឹកអំពីនិងសង្កត់ធ្ងន់ពី ហាមយកលុយពីប្រជាពលរដ្ឋ តាមរយ: សេវារដ្ឋបាល ក្នុងមូលដ្ឋានឃុំភ្នំសំពៅទាំងមូល ។ ក្នុងនោះក៏មានប្រសាសន៍សំខាន់ៗរបស់លោកប្រធានក្រុមការងារមានដូចជា៖
*ក្រុមជនបង្គោលនិងក្រុមបក្សចុះតាមខ្នងផ្ទះសួរសុខទុក្ខ និងទទួលនូវសំណូមពររបស់ពួកគាត់រាយការណ៍មកថ្នាក់លើដើម្បី
ដោះស្រាយបន្ទាន់ ធ្វើផែនការសកម្មភាពយើង ត្រូវធ្វើអ្វីខ្លះ ធ្វើផែនការសកម្មភាព សម្ភារ:ផ្សេងៗ ត្រូវមានទុកជាមុនស្រេច។
*អ្នកពាក់ព័ន្ធទាំងអស់មាន មេឃុំ មេប៉ុស្តិ៍ស្មៀនឃុំ មេភូមិត្រូវធ្វើយ៉ាងណាបម្រើពលរដ្ឋបានឲ្យល្អបំផុត។
លោក ហែម ថេង បានថ្លែងអំណរគុណដល់ជនបង្គោល សមាជិកសកម្មជនបក្សគ្រប់គ្នា ដែលបានខិតខំធ្វើការងារបក្សនិងផ្សព្វផ្សាយគោលនយោបាយបក្ស ធ្វើឲ្យពលរដ្ឋនៅតែគាំទ្របក្ស បានឈ្នះឆ្នោតបន្តទៀត ដើម្បីធ្វើឲ្យថ្នាក់ដឹកបក្សថ្នាក់កំពូលដែលមានសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនិងមានឱកាសដឹកនាំកសាងប្រទេសជាតិ កាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិផងដែរ៕