(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម នៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស» កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីនគបាលពាក់ព័ន្ធ។
ថ្លែងផ្តាំផ្ញេីនាឱកាសនោះលោកស្នងការបានណែនាំដល់លោកស្នងការរងទទួលផែន ការិយាល័យជំនាញ បន្តចុះប្រជុំពង្រឹងជំនាញបន្ថែមដល់កម្លាំងអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវក្តាប់មុខសញ្ញាព្រហ្មទណ្ឌក្មេងទំនេីង ល្បែងស៊ីសង ជាពិសេសមុខសញ្ញាបង្កការអុកឡុកនៅក្នុងមូលដ្ឋាន ដោយត្រូវរៀបចំកម្លាំងភ្នាក់ងារផ្តល់ព័ត៍មានពាក់ព័ន្ធសន្តិសុខ ព្រហ្មទណ្ឌ និងគ្រឿងញៀន។
ទទ្ទឹមនោះដែរវិធានការបង្ការត្រូវអនុវត្តជាប្រចាំក្នុងការល្បាតពួនស្ទាក់តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងភូមិសាស្រ្តស្មុគស្មាញ ដេីម្បីស្រាវជ្រាវបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធានានូវសុខសុវត្ត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិ ទីប្រជុំជនសំដៅរកឃេីញមុខសញ្ញាប្រព្រឹត្តបទល្មេីសផ្សេងៗ។
ពាក់ព័ន្ធបណ្តាញសង្គម លោកស្នងការ បានណែនាំដល់លោកអធិការ ត្រូវរៀបចំ និងជំរុញក្រុមតាមដានមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ ជាពិសេសបន្តគ្រប់គ្រងសកម្មភាពអង្គការ សមាគម ចលនាប្រឆាំង គណបក្សនយោបាយ ប្រមូលព៏ត៍មានរូបភាពខ្លឹមសារ ដេីម្បីរក្សាទុកជាភស្តុតាងសម្រាប់ដាក់បន្ទុក។
ចំពោះការងារចរាចរណ៍ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំឱ្យបន្តចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អប់រំណែនាំប្រជាពលរដ្ឋឱ្យពាក់មួក ដាក់កញ្ចក់ បេីកបរត្រូវគោរពច្បាប់ និងត្រូវណែនាំប្រជាពលរដ្ឋកុំឱ្យខ្លាចនគរបាល ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីកាត់បន្ថយគ្រោះថ្នាក់កេីតឡេីង។
ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពលោកស្នងការបានណែនាំ បន្តចុះធ្វេីវេទិកាសាធារណ: ការផ្សព្វផ្សាយ និងត្រូវធ្វេីបច្ចុប្បន្នភាពកម្លាំងប្រជាការពារឡេីងវិញ ដេីម្បីប្រេីប្រាស់ជាកម្លាំងជំនួយក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ក្នុងនោះលោកស្នងការបានណែនាំដល់លោកអធិការ លោកនាយប៉ុស្តិ៍ ត្រូវពន្លឿនការផ្តល់សេវាសាធារណ: សៀវភៅស្នាក់នៅក២ សៀវភៅគ្រួសារក៤ អត្តសញ្ញាណប័ណ្ណ ដោយត្រូវយកទៅប្រគល់ជូនប្រជាលរដ្ឋឱ្យដល់តាមខ្នងផ្ទះ និងមិនត្រូវប៉ះពាល់ផលប្រយោជន៍ពីប្រជាពលរដ្ឋឡេីយ។
ពាក់ព័ន្ធការងារអភិវឌ្ឍអង្គភាព លោកស្នងការ បានណែនាំដល់លោកអធិការ ត្រូវចេះចលនាគៀងគរស្វែង៛កថវិកា សម្ភារ: សម្រាប់កសាងអង្គភាពនៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យមានកន្លែងធ្វេីការសមរម្យ ដេីម្បីងាយស្រួលក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ក៏ដូចជាការងារបំរេីសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីប្រជាពលរដ្ឋមកលេីកងកម្លាំងនគរបាលយេីង៕
=